(កំពត)៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមកសិករផលិតក្រោមប្រធានបទ “ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃមាន់ស្រែ”។
កម្មវិធីនេះមានសមាសភាពចូលរួម ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) លោកជំទាវ គង់ សិទ្ធិកា នាយករងគម្រោង តំណាងពីធនាគារ ARDB តំណាងពីមីក្រូហិរញ្ញវត្ថុ AMK តំណាងក្រុមហ៊ុន GIC តំណាងអ្នកប្រមូលទិញ និងតំណាងក្រុមផលិតមាន់ ព្រមទាំងអ្នកចូលរួមជាច្រើននាក់ទៀត។
ក្នុងឱកាសនេះ ឯកឧត្តម សំរិទ្ធ សាកុរា បានលើកពីសាវតារនៃគម្រោង ដែលជាគម្រោងអនុវត្តរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD) និងមានក្រសួងពាណិជ្ជកម្មជាភ្នាក់ងារដឹកនាំអនុវត្តគម្រោង។ គម្រោងអនុវត្តទៅលើផលិតផលកសិ-ពាណិជ្ជកម្មសក្តានុពលចំនួនប្រាំ រួមមាន៖ បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ នៅក្នុងខេត្តគោលដៅចំនួន១៨ ដែលត្រូវបានបែងចែកជាបីមណ្ឌលភូមិភាគរួមមាន មណ្ឌលភូមិភាគបូព៌ានិងឦសាន្ត មណ្ឌលភូមិភាគនិរតី និងមណ្ឌលភូមិភាគពាយ័ព្យ។ គោលដៅអភិវឌ្ឍន៍របស់គម្រោងអេមស៍ គឺដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយវិបុលភាពលើខ្សែច្រវាក់តម្លៃផលិតផលកសិកម្មសម្រាប់កសិករខ្នាតតូច រួមទាំងកសិករក្រីក្រ ស្រ្តី និងយុវជនតាមរយៈការតភា្ជប់ផលចំណេញ និងការផ្សារភ្ជាប់ទីផ្សារជូនពួកគាត់ឱ្យបានកាន់តែទូលំទូលាយ។ អ្នកទទួលផលចម្បងគឺជាកសិករខ្នាតតូចរួមមានកសិករក្រីក្រ និងស្ថានភាពជិតក្រីក្រមានចំនួន ៧៥ ០០០គ្រួសារ ដែលបានគាំទ្រ និងស្ម័គ្រចិត្តសហការក្នុងសកម្មភាពគម្រោង។ លើសពីនេះ អ្នកទទួលផលបន្ទាប់គឺជាតួអង្គសំខាន់មួយផ្នែកទៀតក្នុងខ្សែច្រវាក់តម្លៃរួមមាន សហគមន៍កសិកម្ម សហគ្រាធុនតូចនិងមធ្យម ព្រមទាំងសមាគមអាជីវកម្ម និងឧស្សាហកម្ម។
នៅក្នុងមតិបើកកម្មវិធីនេះ ឯកឧត្តម រដ្ឋលេខាធិការបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែលបានខិតខំប្រឹងប្រែងរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។ វេទិកានេះបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់គម្រោង ក្នុងការស្វែងរកការសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកគាំទ្រ និងចូលរួមការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃមាន់ស្រែ ជាពិសេស វេទិកានេះបើកឱកាសឱ្យគ្រប់តួអង្គនៅក្នុងខ្សែច្រវាក់តម្លៃជជែកពិភាក្សាពីភាពរីកចម្រើន បញ្ហាប្រឈម និងដំណោះស្រាយនានា ក្នុងដំណាក់កាលនីមួយៗនៃខ្សែច្រវាក់តម្លៃមាន់ស្រែ។
ជាចុងបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ បានបង្ហាញពីក្តីសង្ឃឹមថាវេទិកានេះអាចជំរុញឱ្យមានការសន្ទនាបែបស្ថាបនា ពិភាក្សាយ៉ាងផុសផុលថែមទៀតលើបញ្ហាដែលគ្រប់ភាគីបានលើកឡើង និងមានសុទិដិ្ឋនិយមថាវេទិកានេះនឹងលើកទឹកចិត្តតួអង្គពាក់ព័ន្ធសហការគ្នាក្នុងការកំណត់ទិសដៅសកម្មភាពជាយុទ្ធសាស្រ្ត ដើម្បីចាប់ផ្តើមជាគ្រឹះដែលនឹងធានាឱ្យមានជោគជ័យលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃមាន់ស្រែ។
គូសបញ្ជាក់ថា វេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមកសិករផលិតក្រោមប្រធានបទ “ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃមាន់ស្រែ” រៀបចំឡើងគឺដើម្បីបង្ហាញ និងចែករំលែកនូវព័ត៌មាននានា ជុំវិញផលិតកម្មមាន់ស្រែ ជាពិសេស សមត្ថភាពនៃការផលិតរបស់ក្រុមកសិករ ការផ្គត់ផ្គង់ទីផ្សារ តម្រូវការទីផ្សារ បញ្ហាប្រឈមនានា និងផែនការអភិវឌ្ឍទីផ្សារមាន់ស្រែនាពេលអនាគត៕










