ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជាប្រធានការិយាល័យមណ្ឌលភូមិភាគបូព៌ា និងឦសាន លោក ឈាង បូរិន បានអញ្ជើជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ចំណេះដឹងផ្នែកអាជីវកម្ម (BL) កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពាណិជ្ជកម្មខេត្តចាម ដែលមានការចូលរួមពីសំណាក់គ្រូបង្គោល (BLF) ក្រុមប្រមូលផ្ដុំសង្គម(SM) ទីប្រឹក្សាត្រួតពិនិត្យ និងវាយតម្លៃ ទីប្រឹក្សាខ្សែសង្វាក់តម្លៃ មន្រ្តីអនុវត្តគម្រោងរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម សរុបចំនួន ៣៤នាក់។
លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជាប្រធានការិយាល័យមណ្ឌលភូមិភាគបូព៌ា និងឦសាន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ វគ្គបណ្តុះបណ្តាលចំនួនពីរថ្ងៃនេះ ឱ្យយកចំណេះដឹងទាំងនេះ រៀបចំជាផែនការសម្រាប់បណ្តុះបណ្តាលបន្ត ដល់ចង្កោមរបស់ខ្លួន ហើយបើមានចំនុចណាដែលនៅខ្វះខាត់ រឺមិនច្បាស់ ក្រុមការងារគម្រោង AIMS រង់ចាំជួយ និងសហការជានិច្ច។
លោកប្រធានមន្ទីរ ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារ និងសិក្ខាកាមទាំងអស់ដែលធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យ។
សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលស្ដីពី ចំណេះដឹងផ្នែកអាជីវកម្ម (BL) ប្រព្រឹត្តទៅមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ក្នុងគោលបំណងកសាងសមត្ថភាពក្រុមការងារ SM និង BLF ឱ្យយល់ច្បាស់អំពីខ្លឹមសារ និងការប្រើប្រាស់សៀវភៅណែនាំចំណេះដឹងផ្នែកអាជីវកម្ម និងធ្វើឱ្យ BLF ក្លាយជាគ្រូបង្គោលដែលមានចំណេះដឹងផ្នែកអាជីវកម្មសម្រាប់បន្តការបណ្ដុះបណ្ដាល(Cascade System) ដល់សមាជិកចង្កោមរបស់ខ្លួននៅក្នុងចង្កោមនីមួយៗ ។ វគ្គបណ្ដុះបណ្ដាលនេះ ក៏ធ្វើឱ្យមានការយល់ដឹងពីការប្រាស្រ័យទាក់ទងដែលមានប្រសិទ្ធិភាព។


