(បាត់ដំបង)៖ ភូមិទួលម្ទេស ភូមិកូនព្រំ និងភូមិគោកពោន ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានទទួលការគាំទ្រ ពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) ដោយបានរៀបចំជាក្រុមផលិតស្រូវក្រអូបបានចំនួន ០២ក្រុម មានសមាជិកសរុប ៩០គ្រួសារ។ ក្រុមនេះបានរៀបចំជាផ្លូវការ និងបានចុះកិច្ចព្រមព្រាងទិញលក់ ស្រូវជាមួយ លោក ថាន់ រ័ត្ន ដែលជាឈ្មួញប្រមូលទិញក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។
តាមរយៈការអនុវត្តកិច្ចព្រមព្រាងផ្គត់ផ្គង់ដំបូងរបស់សមាជិកក្រុម ជាមួយឈ្មួញប្រមូលទិញ ឃើញថាតម្លៃស្រូវ មានភាពល្អប្រសើរឡើង បើធៀបនឹងតម្លៃស្រូវដែលកសិករលក់មុនពេលបង្កើតក្រុម។ ជាក់ស្តែងកាលពីថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ កសិករលក់ស្រូវក្រអូបលេខ១ បានតម្លៃចាប់ពី ១០១០ ដល់ ១០៣០ រៀលក្នុង មួយគីឡូក្រាម។
លោក សេង សូយ មេភូមិទួលម្ចេស និងជាសមាជិកក្រុមផលិតស្រូវភូមិទួលម្ទេស បានលក់ស្រូវឱ្យឈ្មួញ ដែលគម្រោងបានភ្ជាប់ជាមួយក្រុមគាត់បានចំនួន ១៥តោន កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ លោក សេង សួយ មានប្រសាសន៍ថា តម្លៃស្រូវប៉ុន្មានថ្ងៃនេះ មានភាពល្អប្រសើឡើង គឺដោយសារ ភូមិរបស់ខ្ញុំមានក្រុមស្រូវដែល បានបង្កើតឡើងដោយគម្រោង AIMS តម្លៃស្រូវដែលបានលក់មិនត្រឹមតែបានល្អ ក្នុងនោះឈ្មួញក្នុង ភូមិពីមុនតែងតែបង្អាប់ ឥឡូវគាត់មានការប្រកួតប្រជែងតម្លៃហើយ ក្នុងនោះមានការកើនតម្លៃចន្លោះពី ៧០ ទៅ ១២០រៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណាក៏ដោយ ចំពោះប្រជាពលរដ្ឋដែលមិនទាន់ជឿទុកចិត្តនិងចូល រួមជាមួយក្រុម គាត់លក់ស្រូវបានតម្លៃតែ ៩២០ ទៅ ៩៧០ រៀលក្នុងមួយគីឡូក្រាម។ លោក សេង សួយ បញ្ជាក់។
លោក ជូ ជឿន អនុប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មធិបតីអមតៈ និងជាសមាជិកក្រុមផលិតស្រូវ ក្រអូបភូមិកូនព្រំ ឃុំធិបតី ស្រុកគាស់ក្រឡ បានលក់ស្រូវប្រមាណ ១១តោន កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឱ្យឈ្មួញដែលគម្រោងបានភ្ជាប់ បានតម្លៃចាប់ពី ១០០០ ដល់ ១០២០រៀលក្នុងមួយគីឡូក្រាម តាមគុណភាពនិងចំណាត់ថ្នាក់ស្រូវ។ គាត់បញ្ជាក់ថា ក្នុងនាមខ្ញុំផ្ទាល់ ក៏ដូចសមាជិកក្រុមផ្សេងទៀតក្នុងភូមិពិត ជាសប្បាយចិត្តនិងទទួលយកចំពោះតម្លៃដែលឈ្មួញផ្តល់ឱ្យ ទោះបីតម្លៃនេះមិនទាន់ខ្ពស់តាមអ្វីដែលគាត់ចង់ បាន តែវាគ្រាន់បើជាងតម្លៃឈ្មួញផ្តល់ឱ្យមុនពេលចូលគម្រោង បើធៀបនឹងកសិករ ដែលមិនទាន់បានចូល គម្រោងលក់បានតម្លៃជាទូទៅចន្លោះ ៩៥០ ដល់ ៩៧០រៀលក្នុងមួយគីឡូក្រាម ដោយស្រូវគុណភាពដូចគ្នា។
លោក ថាន់ រ័ត្ន ជាឈ្មួញប្រមូលទិញ មានចិត្តសប្បាយរីករាយចំពោះកសិករដែលលក់ស្រូវបានតម្លៃខ្ពស់ក្នុង រដូវនេះដែរ ទោះបីពេលខ្លះគាត់មិនអាចប្រជែងជាមួយឈ្មួញខាងក្រៅក៏ដោយ ក៏គាត់នៅតែខិតខំប្រឹងប្រែង សហការជាមួយក្រុម ក៍ដូចជាគម្រោងបន្តទៀត៕ ប្រភព៖ ក្រុមការងាគម្រោង AIMS ខេត្តបាត់ដំបង




