សម្បុរសជ្រះ កម្ពស់ប្រហែល ១.៥៥សម លោកស្រី សម និមល វ័យ ៣៣ឆ្នាំ ជាកសិករគំរូម្នាក់ ក្នុងចំណោមកសិករចិញ្ចឹមមាន់ក្នុងភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានចាប់យកមុខរបរចិញ្ចឹមមាន់ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ ។
មុនពេលចូលគម្រោង លោកស្រី សម និមល និងគ្រួសារមានមុខរបរ ធ្វើស្រែចម្ការ បន្ថែមពីនេះ ប្តីរបស់លោកស្រី ឆ្លៀតប្រកបមុខរបររកស៊ីកាប់ឈើលក់ដើម្បីទ្រទ្រង់គ្រួសារ។ ជីវភាពនាពេលនោះលំបាកណាស់ រកព្រឹក ខ្វះល្ងាច រកល្ងាច ខ្វះព្រឹក និងជំពាក់បំណុលគេរាល់ថ្ងៃ ព្រោះចំណូលគ្រួសារ បានមកពីស្វាមីលោកស្រីតែម្នាក់ ។
ក្នុងឆ្នាំ២០១៨ ក្រោយពេលដែលគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ចូលមកផ្សព្វផ្សាយក្នុងតំបន់នេះ លោកស្រីក៏សម្រេចចិត្តសុំគេចុះឈ្មោះជាសមាជិកក្រុមចិញ្ចឹមមាន់ ក្នុងភូមិកោះធំ។ លោកស្រីបានរៀបរាប់ថា ក្រោយពេលចូល គម្រោងជីវភាពគ្រួសារអ្នកស្រី មានភាពប្រសើរជាងមុនឆ្ងាយណាស់ ពោលគឺលោកស្រី មានលុយកាន់នឹងដៃខ្លួនឯងទៅផ្សារ និងផ្គត់ផ្គង់គ្រួសារ និងសម្រាប់កូនៗទៅរៀនដោយ មិនចាំបាច់ទៅខ្ចីលុយគេដូចមុនទៀតឡើយ ។
លោកស្រីនិមលនិយាយពោពេញដោយស្នាមញញឹមថា លោកស្រីសម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមមាន់នេះ ដោយសារជាការងារស្រាលៗ សម្រាប់ស្ដ្រីអាចធ្វើបាន។ គាត់មានគោលបំណងដើម្បីរកលុយសង់ផ្ទះថ្មី និងចង់យកមុខរបរមួយនេះ ជាអាជីពច្បាស់លាស់ទៅអនាគត។
ក្រោយពេលចូលជាសមាជិកគម្រោងកាលពីថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០១៨ និមល បានទទួលនូវចំណេះដឹងខ្លះៗ ពីការចិញ្ចឹមមាន់តាមរយៈការផ្សារភ្ជាប់របស់គម្រោងជាមួយ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្មឈ្មោះ ហុង ជូ ក្នុងស្រុកមោងឬស្សី។ គួបផ្សំនឹងចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ បន្តិចម្តងៗ និមល កាន់តែរៀនសូត្របានច្រើនពីបច្ចកទេស ក្នុងការចិញ្ចឹមមាន់ ការព្យាបាល ការចាក់វ៉ាក់សំាង ការផ្សំចំណី និងជីវអនាម័យ។
មុនពេលទទួលបានជោគជ័យដូចពេលនេះ និមល បានរំលឹកពីបរាជ័យ ក្នុងការចិញ្ចឹម មាន់ដំបូងងាប់អស់ ១៥០ក្បាល អស់លុយចំនួន ១៥០០ដុល្លារ នេះក៏ព្រោះតែចិញ្ចឹមមិនតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ។
ផ្ទុយទៅវិញ និមល បានជម្នះភាពភ័យខ្លាចរបស់ស្វាមី ដោយបានលើកឡើងថា បើដួលកន្លែងណាត្រូវក្រោកន្លែងនោះ។ បរាជ័យលើកទីមួយបាន ផ្លាស់ប្តូរនិស្ស័យ និមល ទាំងស្រុង ។ ខណ:ដែលស្វាមីមិននៅ លោកស្រីមិនសូវមានពេលគ្រប់គ្រាន់សម្រាប់ដេកពួនទេ ពោលគឺពេលយប់តែងដើររវៀង មើលអាចម៌មាន់ ស្តាប់សម្លេងដកដង្ហើមរបស់មាន់ ដើម្បីតាមដានមើលអំពីប្រភេទជំងឺដែលមាន់កំពុងមាន។ ចាប់ពីពេលអនុវត្តជាក់ស្តែងនេះ ដែលធ្វើឲ្យ និមល ទទួលបាននូវចំណេះធ្វើពិតប្រាកដ។
បច្ចុប្បន្ន និមល អាចរកចំណូលបានពីការចិញ្ចឹមមានចំនួន ៥០០ដុល្លា ក្នុង១ខែ តាមរយៈនៃការលក់កូនមាន់ក្នុងរង្វង់៣ថ្ងៃម្តង ចំនួន ១៥០កូន ក្នុង តម្លៃ៣៥០០រៀល ក្នុង១ក្បាលនិងមាន់សាច់ចំនួន២០ក្បាលក្នុង១ខែ ក្នុងទម្ងន់១.៣គក តម្លៃ១៨០០០ រៀល ក្នុង១គ.ក ។ ចំណូលទាំងបានជួយលើក កម្ពស់ជីវភាពគ្រួសារនិមល បានយ៉ាងល្អប្រសើរ បើប្រៀបធៀបនឹងពេលមុន។
គំរូអាជីវកម្មជោគជ័យរបស់ និមល ពិតជាមិនអាចកាត់ផ្តាច់បានពីការ ជួយគាំទ្ររបស់គម្រោងបានឡើយ ។ ដោយសម្លឹងមលើសក្តានុពលនៃ ទីផ្សារ និមល បានស្នើដល់បុគ្គលិកគម្រោងឲ្យសម្របសម្រួលជាមួយ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដើម្បីមានលទ្ធភាពយកកម្ចីចំនួន ១៥ ០០០ដុល្លាថែមទៀត ដើម្បីពង្រីកអាជីវកម្មររបស់ខ្លួន។ ក្នុងនោះទិញទូ ភ្ញាស់បន្ថែម១ទៀត ដែលអាចភ្ញាស់ពងបាន ១៥៨៤ពង ពង្រីកទ្រុងបន្ថែម ទំហំ ៦មX១០ម ទិញមេបាបន្ថែមបាន ៥០០ក្បាល ជីក ស្រះ និងពង្រីកផ្ទៃ ដីចំការដំឡូង។
ដោយឡែកចំពោះទីផ្សារ តាមរយៈការសម្របសម្រួលរបស់គម្រោង មិនមាន បញ្ហាឡើយ ពោលគឺមានឈ្មួញចូលមកទិញរៀងរាល់ថ្ងៃក្នុងតម្លៃ សមរម្យ ហើយមាន ពេលខ្លះសមាជិកក្រុមចិញ្ចឹមមិនអាចផ្គត់ផ្គង់ឲ្យឈ្មួញបានផង ។
ក្នុងទឹកមមុខញញឹម ប្រកបដោយភាពជឿជាក់ និមល បានលើកឡើងថា ឥឡូវនេះ គាត់ឈប់ចាំតែចាយលុយប្តីដូចមុនទៀតហើយ ទោះបីប្តីគាត់មិនទៅ ធ្វើការ ៥ខែ ក៏គាត់មានលុយចាយដែរ ។ សព្វថ្ងៃ និមល មានមេមាន់ចំនួន ២០០ក្បាល និងបាចំនួន ៤៨ក្បាល ដែលអាចផលិតកូនមាន់បានជាមធ្យមចំនួន ១២០០ក្បាល ក្នុង ១ខែ សម្រាប់លក់ជូនអតិថិជនដែល មកពីស្រុកសង្កែ និងស្រុកមោងឬស្សី ។ ក្រៅពីនោះក៏លក់ជូនសមាជិក ០៤គ្រួសារ ក្នុងសហគមន៍ចំនួន ២០០ក្បាលក្នុង១ខែ។
ដោយមើលឃើញពីតម្រូវការខ្ពស់ក្នុងសហគមន៍ ចាប់ពីពេលនេះទៅ និមល ផ្អាកទទួលការបញ្ជាទិញពីអ្នកខាងក្រៅសហគមន៍ហើយ ពោលគឺទុក លក់ជូនសហគមន៍ ទាំងអស់។ តាមការបញ្ជាក់របស់ និមល ដោយមើលឃើញ ភាពជោគជ័យរបស់គាត់ គ្រួសារខ្លះដែលទៅរកការងារធ្វើនៅប្រទេសថៃ បានត្រឡប់មកប្រកបមុខរបរចិញ្ចឹមមាន់ក្នុងភូមិវិញហើយ។
ភាពជោគជ័យរបស់លោកស្រី សម និមល បានបង្កើនឲ្យមានការជឿ ទុកចិត្តយ៉ាងខ្លាំងពីសមាជិកក្នុងសហគមន៍ ក្នុងន័យនេះហើយដែលជំរុញទឹកចិត្ត និមល ឲ្យចែករំលែកភាពជោគជ័យនេះ ដល់សហគមន៍ទាំងមូល។
ទោះបីមានកសិករខ្លះមិនបានទទួលផលផ្ទាល់ពីគម្រោងក៏ដោយ ក៏មួយថ្ងៃៗ និមល ទទួលជួបកសិករជា ច្រើនដែលបានមកជួបគាត់ដល់ផ្ទះ ដើម្បីមក ពិគ្រោះយោបល់ និងមកទិញកូនមាន់យកទៅចិញ្ចឹមសាកល្បង និមល តែងស្វាគមន៍ ពួកគេដោយរាក់ទាក់ និងបានចែករំលែកនូវបទពិសោធន៍ជោគជ័យ ដល់ពួកគេដោយ ឥតមានលាក់លៀមឡើយ ។
ភាពជោគជ័យរបស់និមល ផ្តើមចេញពីភាពម៉ឺងម៉ាត់ក្នុងការងារ និងជឿជាក់លើខ្លួនឯងថា អាចធ្វើបាន ព្រោះថាបើដាក់ចិត្តថាធ្វើអ្វីមួយ គង់នឹងបានសម្រេច។ ការប្តេជ្ញាចិត្តខ្ពស់ មិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត និងការខិតខំសិក្សា ស្វែងយល់ជានិច្ចលើបច្ចេកទេស គឺជាកត្តារួមផ្សំមិនអាចខ្វះបាន ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីវកម្ម៕


