(តាកែវ)៖ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងវាយតម្លៃកម្ចីរបស់កសិករគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចចំនួន ០៤គ្រួសារ ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ ដែលកម្ចីទាំងនេះ ផ្តោតលើការពង្រីកអាជីវកម្មចិញ្ចឹមមាន់ស្រែ។ កម្ចីដែលធនាគារអភិវឌ្ឍន៍ជនបទបានចុះវាយម្លៃរួច និងត្រៀមផ្តល់កម្ចីជូនចំនួន ៤១គ្រួសារ និងសហគមន៍កសិកម្មចំនួន១ ដែលនៅស្រុកត្រាំកក់ចំនួន ១៥គ្រួសារ ស្រុកបាទីចំនួន ០៨គ្រួសារ និងស្រុកទ្រាំងចំនួន ៧គ្រួសារ ព្រមទាំងសហគមន៍កសិកម្មចំនួន១ផងដែរនឹងត្រូវអនុវត្តឆាប់ៗនេះ។
មន្ត្រីធនគារអភិវឌ្ឍន៍ជនបទ បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា គាត់មានអារម្មណ៍សប្បាយរីយរាយចំពោះភាពរីកចម្រើនយ៉ាងខ្លាំង ក្នុងការធ្វើអាជីវកម្មមាន់ស្រែរបស់កសិករក្នុងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច នៃការិយាល័យមណ្ឌលភូមិភាគនិរតី បើប្រៀបធៀបទៅនឹងអ្វីដែលគាត់បានចុះមកពិនិត្យ និងវាយតម្លៃ និងបានឃើញនាពេលកន្លងមក។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ប្រចាំនៅការិយាល័យមណ្ឌលភូមិភាគនិរតី បង្ហាញឱ្យឃើញថា ធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់កម្ចីជូនកសិកររបស់គម្រោង នៃការិយាល័យមណ្ឌលភូមិភាគនិរតីនេះ បានចំនួន ៣៦គ្រួសារ និង សហគមន៍កសិកម្មចំនួន១ ដែលមានទឹកប្រាក់ចំនួន ១៨៨ ៧១០ ដុល្លារអាមេរិក ដើម្បីពង្រីកអាជីកម្មចិញ្ចឹមមាន់ស្រែ និងដាំដុះបន្លែ។


