(ស្ទឹងត្រែង)៖ ក្រុមផលិតដំឡូងមីដូនប៉ា ស្ថិតនៅឃុំស្រះឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានទីតាំងនៅខាងលិចក្រុងស្ទឹងត្រែងទទួលបានការគាំទ្រផ្សេងៗពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ចាប់តាំងពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ ដែលសមាជិកផលិតដំឡូងមីសរុបចំនួន ៤៥គ្រួសារ ប៉ុន្តែបើនិយាយពីការចុះកិច្ចព្រមព្រាងទិញលក់ជាមួយឈ្មួញមានតែ ៣១គ្រួសារដែលចង់ចូលរួម។
គ្រួសារភាគច្រើននៅតំបន់នេះពឹងផ្អែកលើដំណាំដំឡូងមីជាប្រភពចំណូលចម្បង បន្ទាប់មកស្វាយចន្ទីស្ថិតក្នុងលំដាប់ទី២ ហើយដំណាំស្រូវ និងការលក់កម្លាំងពលកម្ម ជាចំណែកតូចមួយក្នុងការផ្គត់ផ្គង់ជីវភាពរបស់ពួកគេ។ លើសពីនេះទៀត សមាជិកក្នុងក្រុមមានផ្ទៃដីចំការដំឡូងមី ២០០ហិកតា ដែលអាចផលិតបានដំឡូងមីស្រស់ប្រហែល ២០០០ តោនក្នុងមួយឆ្នាំ។
បន្ទាប់ពីចងក្រងជាក្រុមចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨កន្លងមក គម្រោង AIMS បានជួយដល់ក្រុមផលិតដូនប៉ា ដោយបានរៀបចំកិច្ចប្រជុំពហុភាគីអ្នកពាក់ព័ន្ធ MSP ការបណ្តុះបណ្តាលបច្ចេកទេសដាំដំឡូងមី ប្រជុំអាជីវកម្មទៅអាជីវកម្ម (B2B) ប្រជុំអាជីវកម្មទៅសេវាកម្ម (B2S) និងចំណេះដឹងផ្នែកមុខរបរក៏ដូចជាការគាំទ្រតាមដានដើម្បីធានាបាននូវមុខងារល្អប្រសើរដែលទទួលបានជោគជ័យមានភាពជឿជាក់លើខ្លួនឯង ហើយពិតជាទទួលបានអត្ថប្រយោជន៍ និងការគាំទ្រអន្តរាគមន៍របស់គម្រោង។
កាលពីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ ២០១៨ ក្រុមផលិតដូចប៉ា បានចុះកិច្ចព្រមព្រាងទិញ – លក់ដំឡូងមីចំនួន ៧០០ តោនជាមួយអ្នកទិញដំឡូងមីឈ្មោះ ផេង ប៉េងស៊ាង ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៩ ។ ទោះបីត្រូវប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិដូចជា គ្រោះរាំងស្ងួត និងភ្លៀងខ្លាំងខ្លះៗក៏ដោយ ក្រុមផលិតដូនប៉ា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទិន្នផលប្រចាំឆ្នាំរបស់ពួកគេមានការកើនឡើង ៣០%(នៅឆ្នាំ២០១៨) បើប្រៀបធៀបទៅនឹងការប្រមូលផលឆ្នាំមុនដែលធ្វើឱ្យបរិមាណនៃការលក់របស់ពួកគាត់។ ប្រធានក្រុមផលិតដំឡូងមីដូនប៉ា និយាយថាសមាជិកសរុបចំនួន ៣១ នាក់បានលក់ដំឡូងមីប្រហែល ១ ០០០ តោនក្នុងតម្លៃខ្ពស់ជាង ៥០រៀលបើប្រៀបធៀបទៅនឹងប្រជាកសិករដែលមិនមែនជាសមាជិកក្រុមផលិត ហើយឈ្មួញកណ្តាលផ្តល់ការលើកទឹកចិត្តដល់ដំឡូងមីចំនួន ១ ០០០ រៀលដល់ការលក់ដំឡូងមី១តោន។
ឆ្លើយតបទៅនឹងសំណួរដែលក្រុមការងារខ្សែសង្វាក់តម្លៃ និងវិនិយោគ ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ សួរថាតើពួកគេពេញចិត្តនឹងការគាំទ្ររបស់គម្រោង AIMS ដែរឬទេ? លោក លី រ៉សេត ប្រធានក្រុមផលិតដំឡូងមីដូនប៉ា បានឆ្លើយដោយសុទិដ្ឋិនិយមថា គម្រោង AIMS ធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរធ្វើឱ្យមានតម្លៃថេរ ណែនាំលើបច្ចេកទេសផលិតកម្មដំឡូងមីដូចជា ការជ្រើសរើសពូជ និងវិធីសាស្រ្តដាំដុះជាដើម។ ប្រធានក្រុមផលិតដំឡូងមី រំពឹងថានៅឆ្នាំ២០២០ យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រាងបន្តទៀត និងស្នើឱ្យមានការកាំទ្របន្ថែមទៀតពីគម្រោង AIMS។


