(កណ្ដាល)៖ កសិករ ផាត សុខា នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ប្រកបរបដាំបន្លែសម្រាប់លក់។ គាត់ចូលជាសមាជិកក្រុមផលិតបន្លែ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយសមាជិកក្នុងក្រុមបង្កើតដំបូងមានចំនួន ៣៨នាក់។ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គាំទ្រក្នុងការបង្កើតក្រុមនេះឡើងក្នុងគោលបំណងកំណត់បញ្ហារាំងស្ទះជាក់លាក់ និងរិះរកមធ្យោបាយដោះស្រាយទាក់ទងទៅនឹងផលិតកម្មបន្លែ និងទីផ្សារ។
ជាមួយនឹងការខិតខំប្រឹងប្រែង និងការគាំទ្រពីគម្រោង AIMS ក្រុមផលិតបន្លែក្រាំងយ៉ូវ មានការគាំទ្រ និងទទួលស្គាល់ច្រើនពីសំណាក់អ្នកទិញមកពីរាជធានីភ្នំពេញ ដែលធ្វើឱ្យផលិតកម្មបន្លែរបស់ក្រុមគាត់មានការកើនឡើង។ ជាក់ស្ដែងក្រុមផលិតបន្លែក្រាំងយ៉ូវក៏បានការចុះកិច្ចសន្យាលក់បន្លែមួយ ដែលធ្វើឡើង រវាងក្រុមកសិករ ផលិតបន្លែ និងសហគ្រាសសង្គម “Project Alba” ដែលបាននិងកំពុងផ្គត់ផ្គង់បន្លែគ្រប់ប្រភេទជាបន្តបន្ទាប់ផងដែរ។
ដោយមើលឃើញភាពជោគជ័យនេះ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ខេត្តកណ្តាល បានរៀបចំទស្សនកិច្ចសិក្សាមួយ ដើម្បីផ្លាស់ប្តូរបទពិសោធន៍កសិករទៅកសិករក្នុងខ្សែសង្វាក់តម្លៃបន្លែ បច្ចេកទេសដាំដុះ ការសិក្សាអំពីការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងថវិការ ការកត់ត្រាចំណូលចំណាយ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដែលជាកន្លែរបស់ក្រុមកសិករផលិត ក្នុងក្រុមផលិតបន្លែក្រាំងយ៉ូវរបស់ កសិករ ផាត សុខា។ ក្រុមកសិករចុះធ្វើទស្សនកិច្ចសិក្សារមកពី ៤ភូមិ គឺក្រុមបន្លែ ភូមិចុងកោះលិច ភូមិចុងកោះកើត និងភូមិព្រែកយាយម៉ី និងចង្កោមព្រែកអ៉ុងប៉ាង ក្នុងទឹកដីស្រុកស្អាង ខេត្តកណ្តាល។ ជាលទ្ធផលក្នុងដំណើរទស្សនកិច្ចនេះ កសិករទាំង ៤ក្រុម បានទទួលបាននូវបទពិសោធន៍យ៉ាងល្អពីចង្កោមទួលក្រូចរបស់លោក ផាត សុខា ហើយសន្យា និងនាំយកលំនាំកិច្ចការដ៏ល្អនេះ ទៅអនុវត្តក្នុងក្រុមបន្លែរៀងៗខ្លួនឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធិភាព។
គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AMIS) ផ្តោតការយកចិត្តទុកដាក់ខ្លាំងលើបញ្ហាទីផ្សារ តាមរយៈការគាំទ្រតួអង្គអ្នកទិញ អ្នកផលិត ដែលមានសក្តានុពលនៅក្នុងខ្សែសង្វាក់តម្លៃក្នុងក្រុមនីមួយៗ អាចសហការ ចចារ និងធ្វើការជាមួយគ្នាបានប្រកបដោយទំនុកចិត្ត ដើម្បីផលប្រយោជន៍រួម ជាពិសេស គឺការរៀបចំផែនការផលិត និងចរាចរលក់ផលិតផល ដែលមានគុណភាព ក្នុងបរិមាណគ្រប់គ្រាន់ និងទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដ៏ជាក់លាក់មួយក្នុងការបញ្ជាទិញក្នុងបរិមាណ និងតម្លៃ ដែលអាចទទួលផលប្រយោជន៍ទាំងសងខាង។





