(បាត់ដំបង)៖ កិច្ចប្រជុំពិភាក្សារវាងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី និងទីប្រឹក្សាគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) ជាមួយលោកឧញ្ញា ឈរ ម៉ារិទ្ធ តំណាងក្រុមហ៊ុនឯកជនសរុបអ្នកចូលរួមប្រមាណ ១០នាក់ (ស្រី ២នាក់) ដឹកនាំដោយ លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងនិងជាប្រធានមណ្ឌលភូមិភាគពាយ័ព្យ ដើម្បីស្វែងយល់ពីស្ថានភាព និងលទ្ធភាពនៃការផ្គត់ផ្គង់របស់ក្រុមកសិករផលិតរបស់គម្រោង AIMS និងអ្វីដែលលក្ខខណ្ឌ និងតម្រូវការរបស់ក្រុមហ៊ុនចង់បាន នាព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០។
សូមគូសបញ្ជាក់ថា៖ លោកឧកញ្ញា ឈរ ម៉ារិទ្ធ ធ្លាប់បានសហការជាមួយគម្រោង AIMS កាលពីពេលកន្លងទៅដែរ ហើយលោកគឺជាប្រធានក្រុមហ៊ុនក្នុងស្រុកមួយដែលមានបំណងចង់ធ្វើកិច្ចសហការជាមួយគម្រោង ដើម្បីទទួលទិញផលិតផលកសិកម្មរបស់ប្រជាកសិករមានដូចជា៖ បន្លែសុវត្ថិភាព មាន់ស្រែ ជាដើម។ ក្រៅពីនេះ ក្រុមហ៊ុន ក៏មានកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារសឹង្ហបូរី ក្រុមហ៊ុន បច្ចេទេសជប៉ុន និងមានបុគ្គលិកបច្ចេកទេស នៅចាំបង្ហាត់បង្រៀនកសិករអំពីបច្ចេកទេសដាំដុះទៀតផង។ គោលបំណងរបស់ក្រុមហ៊ុនគឺជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងស្រុក ដោយមានទីតាំងវេចខ្ចប់ធំនៅរាជធានីភ្នំពេញ និងមានទីតាំងធំៗ៤កន្លែងគឺនៅខេត្តបាត់ដំបង ប៉ៃលិន កណ្តាល កំពង់ស្ពឺ និងកំពត និងមានសាខាលក់ចំនួន ១២កន្លែង។ ក្រៅពីនេះក្រុមហ៊ុនក៏មានស្ថាប័នឥណទានមួយឈ្មោះ Fund On ដែលផ្តល់កម្ចីលើធាតុចូលកសិកម្ម (បច្ចេកទេស ជី ពូជ)ជូនដល់កសិករផងដែរ។
សូមជម្រាបជូនផងដែរថា ក្រុមហ៊ុនអាចមានលទ្ធភាពទទួលទិញបន្លែគ្រប់ប្រភេទដោយ៖
-ឆ្នាំទី១ (2020) ចំនួន ៣០០០តោន រយៈពេល៦ខែ ចុងក្រោយនៃឆ្នាំ២០២០
-ឆ្នាំទី២ ចំនួន៣០០០០តោន
-ឆ្នាំទី៣ ចំនួន ៥០០០០តោន
-ឆ្នាំទី៤ ចំនួន ១០០ ០០០តោន
ជាលទ្ធផលនៃកិច្ចពិភាក្សា៖
១. ក្រុមហ៊ុនអាចនឹងពិនិត្យសិក្សាលទ្ធភាពផ្តល់កម្ចីជាផ្ទះសំណាញ់ ដល់កសិកដែលដាំបន្លែក្នុងតម្លៃមួយសមរម្យ។
២. ក្រុមហ៊ុននឹងសិក្សាទីកន្លែងសាងសង់កន្លែងប្រមូលទិញបន្លែតាមការជាក់ស្តែង
៣. ក្រុមហ៊ុននឹងពិនិត្យលទ្ធភាពចុះកិច្ចសន្យាទិញលក់ (Contract Farming)ជាមួយចង្កោមបន្លែដែលមានសក្តានុពល ដោយអនុវត្តតាមគោលការណ៍និងនីតិវិធីរបស់ គម្រោង AIMS។
៤. គ្រប់ប្រភេទដំណាំបន្លែទាំងអស់ដែលកសិរដាំដុះត្រូវមានការណែនាំអំពីបច្ចេកទេស ដាំដុះ ពូជ ជីពីក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន។
៥.នីតិវិធីនៃការទូទាត់ មាន២ ដំណាក់កាលគឺដំណាក់កាលទី១ ទូទាត់ក្នុងរង្វង់ពី៣ថ្ងៃទៅ១អាទិត្យនិងដំណាក់កាលទី២ តាមរយៈពិនិត្យលើ QR code រួចវេរចូលក្នុងគណនីរបស់កសិករតែម្តង។
៦. ក្រុមហ៊ុននឹងពិនិត្យលទ្ធភាព បញ្ជូនអ្នកបច្ចេកទេសក្រោយ ចូលឆ្នាំដើម្បីចុះមកធ្វើការជាចង្កោមបន្លែទាំង៩ក្នុងខេត្តបាត់ដំបង ដើម្បីជម្រុញ និងពន្លឿនដំណើរដាំដុះរបស់កសិករឲ្យទាន់រដូវកាល។
ចុងបញ្ចប់នៃកិច្ចប្រជុំ លោក គឹម ហួតបានផ្តល់អនុសាសន៍ ទៅដល់ក្រុមការងារគម្រោង ដូចខាងក្រោម
១. ធ្វើបច្ចុប្បន្នភាពកសិករចង្កោមបន្លែទាំងអស់ជូនក្រុមហ៊ុន
២. ពិនិត្យនិងសិក្សាការសាងសង់កន្លែងប្រមូលទិញឲ្យជិតចង្កោមផលិត
៣. បង្កើតក្រុមការងារផ្ទៃក្នុងដើម្បីរៀបចំផែនការលំអិតដើម្បី ជជែកពិភាក្សាជាមួយក្រុមហ៊ុនម្តងទៀត។


