(បាត់ដំបង)៖ ក្រុមការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង សម្របសម្រួល និងដឹកនាំបុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ ចុះជួបកសិករចង្កោមចិញ្ចឹមមាន់ស្រែ នៅភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីពិភាក្សាពីលទ្ធភាពក្នុងការទទួលបានកម្ចីដើម្បីយកមកពង្រីកការចិញ្ចឹមដូចជាសាងសង់ទ្រុង ពង្រីកមាន់សាច់ នឹងមេពូជ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។
លោកសុខុម ដារ៉ារដ្ឋ តំណាងធនាគារអភិវឌ្ឍន៍ជនបទ ជម្រាបជូនពីលក្ខខណ្ឌនៃការទទួលបានកម្ចីដូចជា កសិករចិញ្ចឹមមាន់ស្រែត្រូវតែជាសមាជិកចង្កោមដែលចងក្រងដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច។ ឥណទានដែលទទួលបានត្រូវប្រើប្រាស់តាមគោលបំណងកម្ចីសម្រាប់វិនិយោគលើមាន់ស្រែមិនអាចយកទៅប្រើលើរឿងផ្សេងក្រៅពីនេះឡើយ។ ការសងត្រឡប់មានភាពបត់បែននិងអាចចរចារបាន និងត្រូវគោរពតាមលក្ខណកម្ចីរបស់ធនាគារអភិវឌ្ឍន៍ជនបទមួយចំនួនទៀត។
បន្ទាប់ពីការពិភាក្សា និងការសួរសំណួរមួយចំនួនរួចមកមានកសិករចំនួន ២នាក់ ស្ម័គ្រចិត្តស្នើសុំកម្ចី ហើយខាងធនាគារអភិវឌ្ឍន៍ជនបទក៏បានពិនិត្យឯកសាររបស់បញ្ចាំឃើញថាអាចទទួលយកបាន។ ក្រុមការងាររបស់គម្រោងនឹងរៀបចំបញ្ជីឈ្មោះដាក់ជូនលោកប្រធានមណ្ឌលភូមិភាគពាយ័ព្យចុះហត្ថលេខា មុននឹងបញ្ជូនទៅខាងធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យ និងចុះសិក្សាវាយតម្លៃ។
ដោយឡែក ដោយកសិករក្នុងចង្កោមនេះ ចង់បានបទពិសោធន៍ក្នុងការសាងសង់ទ្រុង ក្រុមការងារនឹងរៀបចំទស្សនកិច្ចសិក្សាទៅកាន់សហគមន៍ចិញ្ចឹមមាន់ស្រែនៅខេត្តប៉ៃលិនដើម្បីរៀនសូត្រពីរបៀបបច្ចេកទេសថ្មីៗ ដែលគេចិញ្ចឹមជោគជ័យ។


