(កំពង់ចាម)៖ កាលពីមុនចូលរួមជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) នៅដើមឆ្នាំ២០១៨ ក្រាញ់ សុខរី គ្រាន់តែជាឈ្មួញប្រមូលទិញមាន់ស្រែតូចតាចម្នាក់ នៅមូលដ្ឋានរបស់គាត់តែប៉ុណ្ណោះ ដោយគាត់អាចប្រមូលទិញមាន់ស្រែ បានប្រមាណជាមធ្យម តែ ៥ តោន ក្នុង១ឆ្នាំៗ។ នៅចុងឆ្នាំ២០១៨ ក្រោយពីបានចូលរួមជាមួយគម្រោង (តាមរយៈកិច្ចសន្យាទិញ លក់ ជាមួយក្រុមផលិតមាន់ស្រែ) គាត់អាចប្រមូលទិញមាន់ស្រែ បានប្រមាណ ១០ តោន ក្នុង ១ឆ្នាំ។ នៅឆ្នាំ២០១៩ គាត់អាចប្រមូលទិញមាន់ស្រែ បានប្រមាណ ៤៥ តោន ក្នុងមួយឆ្នាំ។ កសិករដែលបានលក់មាន់ស្រែឲ្យគាត់ រហូតដល់ពេលនេះ មានចំនួន ១២០គ្រួសារ។ ចំណែកទីផ្សារដែលគាត់ផ្គត់ផ្គង់មាន់ស្រែឲ្យ មានការកើនឡើងចំនួន ១៣កន្លែង ខណៈដែលកាលពីមុនមានត្រឹមតែ ២កន្លែងប៉ុណ្ណោះ។
សព្វថ្ងៃ លោក ក្រាញ់ សុខរី កំពុងតែកាក់កបជាមួយនឹងរបរជាអ្នកប្រមូលទិញមាន់ស្រែ រួមជាមួយនឹងការកែច្នៃទទួលសេវា និងបោចរោមមាន់ យកទៅលក់នេះយ៉ាងខ្លាំង។ អ្នកណាៗ ក៏ស្គាល់គាត់ដែរ ជាពិសេស កសិករចិញ្ចឹមមាន់ស្រែរបស់គម្រោង AIMS តែម្តង។ នៅឆ្នាំ២០២១ ខាងមុខនេះ គាត់មានផែនការទិញឡាន ១គ្រឿង សម្រាប់ដឹកជញ្ជូនមាន់ស្រែ ខណៈដែលបច្ចុប្បន្ន គាត់មានតែ ម៉ូតូ ១គ្រឿង សម្រាប់ដឹកជញ្ជូនតែប៉ុណ្ណោះ។ ក្រាញ់ សុខរី និយាយដោយរីករាយថា «អរគុណគម្រោង AIMS ដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះ»។
សូមរំលឹកថា៖ លោក ក្រាញ់ សុខរី គឺជាឈ្មួញដំបូងគេបង្អស់ របស់គម្រោង AIMS ដែលបានទទួលការគាំទ្រមូលនិធិនវានុវត្តន៍ខ្សែសង្វាក់តម្លៃ (VCIF) ២០%= ២៩០ដុល្លារ ទៅលើគម្រោងវិនិយោគ សាងសង់រោងបោចរោមមាន់ នៅឆ្នាំ២០១៩ នេះ សម្រាប់ការកែច្នៃមាន់ ដោយទទួលសេវា និង បោចរោមមាន់ រួចយកទៅផ្គត់ផ្គង់តាមបណ្តារហាងនានា។


