(បន្ទាយមានជ័យ)៖ ចង្កោមកសិករផលិតស្រូវនៅភូមិត្របែក ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានអនុវត្តកិច្ចសន្យាទិញ-លក់ស្រូវ បានចំនួន ០២លើក ក្នុងឆ្នាំ២០១៩ ដែលការអនុវត្តលើកទី១ ទទួលបានលទ្ធផលល្អប្រសើរលើសពីការរំពឹងទុក ប៉ុន្តែសម្រាប់លើកទី២ ត្រូវបានប្រឈមនឹងកត្តាអាកាសធាតុរាំងស្ងួត ខ្វះប្រភពទឹកស្រោចស្រព ដែលជាកត្តាចម្បងមិនអាចសម្រេចលទ្ធផលតាមកិច្ចសន្យាបាន។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) បានសម្លឹងឃើញបឹងសាធារណៈមួយក្នុងភូមិត្របែក ដែលអាចអភិវឌ្ឍជាអាងស្តុកទឹកសម្រាប់ដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រពដល់ប្រជាកសិករចំនួន ០៥ភូមិ។
គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ធ្វើអន្តរគមន៍លើខ្សែសង្វាក់តម្លៃស្រូវ ដោយផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សាពីបណ្តាភាគីពាក់ព័ន្ធនានា និងអាជ្ញាធរមូលដ្ឋានរហូតសម្រេចបានការសហការវិនិយោគពីក្រុមហ៊ុនវិនិយោគចំនួន ០២ ដែលទទួលខុសត្រូវលើផ្ទៃដីស្តារទំហំ ៤០ ០០០ ម៉ែត្រការ៉េ ជម្រៅ ១២ម៉ែត្រ។ ទន្ទឹមនឹងការស្ដារបឹង ក៏មានការពង្រីកផ្លូវលំ ប្រវែង ១ ១០០ ម៉ែត្រលើផ្លូវចាស់។ ការស្ដាបឹង និងពង្រីកផ្លូវអស់ថវិការសរុបប្រមាណ ១៣០ ០០០ដុល្លារ។ បច្ចុប្បន្ននេះ សកម្មភាពនៃការស្តារបឹងខាងលើ គឺបានសម្រេចប្រមាណ ៧០% នៃផែនការ។
ការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំពីក្រុមការងារនេះ ទទួលបានការសាទរពីប្រជាកសិករក្នុងភូមិ ជាក់ស្តែងកសិករចំនួន ១២គ្រួសារ ដែលមាន ទីតាំងស្រែជាប់នឹងគម្រោងផ្លូវតភ្ជាប់ពីភូមិត្របែកមកកាន់ទីតាំងប្រមូលផ្តុំ បានសម្បទានជាចំណែកដីលំនៅដ្ឋាន និងដីស្រែដើម្បីពង្រីកទទឹងផ្លូវពី ៤ម៉ែត្រ ទៅ ៧ម៉ែត្រ ផងដែរ។
សមិទ្ធិផលនៃការស្តារបឹងសាធារណៈភូមិត្របែកនឹង ក្លាយជាមូលដ្ឋានក្នុងការបង្កើនសេដ្ឋកិច្ចដល់ចង្កោមកសិករ តាមរយៈការផលិតស្រូវប្រកបដោយគុណភាព អាចប្រកួតប្រជែងលើទីផ្សារបាន និងទទួលបានការគាំទ្រពីក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល ពិសេសទទួលបានកិច្ចសហការតាមរយៈកិច្ចសន្យាទិញ-លក់ពីបណ្តាក្រុមហ៊ុន បញ្ជាទិញស្រូវធំៗនានា ក្នុងនិងក្រៅតំបន់ជាមួយនឹងតម្លៃសមរម្យ។
សូមបញ្ជាក់ថា មុនពេលចូលគម្រោងAIMS ចង្កោមកសិករផលិតស្រូវនៅភូមិត្របែក ផលិតស្រូវរៀងៗខ្លួន និងរៀនសូត្របច្ចេកទេសតៗគ្នា ដោយមិនទាន់មានការប្រមូលផ្តុំជាចង្កោមនៅឡើយ សូម្បីតែការលក់ដូរកសិផលស្រូវ ក៏អនុវត្តរាយប៉ាយ គ្មានពេលវេលា និងអ្នកប្រមូលទិញមិនច្បាស់លាស់។ បន្ទាប់ពីចូលគម្រោងAIMS នៅឆ្នាំ២០១៩មក យើងឃើញថា ចង្កោមកសិករផលិតស្រូវនៅភូមិត្របែកមានការវិវត្តន៍គួរឱ្យកត់សម្គាល់។



