ប្រជាកសិករនិយមចិញ្ចឹមមាន់ ដោយសារមានទីផ្សារល្អ និងមានការនិយមចូលចិត្តបរិភោគសាច់មាន់ ពិសេសមាន់ស្រែពីសំណាក់អតិថិជន។ កសិករចិញ្ចឹមដោយការធ្វើទ្រុងមាន់មានលក្ខណៈបច្ចេកទេស មានព័ទ្ធរបងជុំវិញ ទុកទីធ្លាទូលាយសមរម្យសម្រាប់មាន់ដើររកចំណីនិងរត់លេងនៅក្នុងទីធ្លានោះ ជាពិសេសទុកមួយផ្នែកធំនៃទីធ្លាឱ្យត្រូវពន្លឺថ្ងៃបានល្អ។ បងប្រុស ជា ទី និងភរិយា ជាកសិករដែលហ៊ានវិនិយោគចិញ្ចឹមមាន់ស្រែជាលក្ខណៈវិលជុំដំបូងគេក្នុងក្រុមផលិតមាន់ស្រែរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ជា ទី ចាប់ផ្តើមចិញ្ចឹមមាន់ស្រែចំនួន ៣៥០ក្បាលជារៀងរាល់ខែ ដែលការចិញ្ចឹមនេះអាចឱ្យគាត់មានមាន់សាច់លក់ទៀងទាត់ក្នុងមួយខែៗលើសពី ៣០០ក្បាល និងទទួលប្រាក់ចំណេញជាង១លានរៀល។
ដោយមានការគាំទ្រពីគម្រោងក្នុងការពង្រីកអាជីវកម្ម ដូចជាការគាំទ្រទីផ្សារ ការរៀបចំផែនការវិនិយោគ ការវិភាគអនុបាតចំណូលចំណាយ និងអត្រាប្រាក់ចំណេញត្រឡប់ ការសម្របសម្រួលឱ្យគាត់ទទួលបានកម្ចីពីខ្សែបន្ទាត់ឥណទានធនាគារអភិវឌ្ឍន៍ជនបទដែលមានការប្រាក់ទាប។ ក្រុមការងារគម្រោងក៏បានយល់ព្រមផ្តល់នូវហិរញ្ញប្បទានឥតសំណងចំនួនបួនលានរៀល បន្ថែមទៀត ជាការលើកទឹកចិត្តជូនគាត់ ដោយមើលឃើញថា ជា ទី ហ៊ានវិនិយោគមាន់សាច់ជាលក្ខណៈវិលជុំមុនគេក្នុងស្រុករបស់គាត់។ នៅក្នុងទឹកប្រាក់ដែលទទួលបានពីកម្ចីសម្រាប់ វិនិយោគនេះ បងប្រុស ជា ទី បានពង្រីកអាជីវកម្មដោយបង្កើនការចិញ្ចឹមមាន់រហូតដល់ ៧០០ក្បាលក្នុងមួយខែ និងសាងសង់ចំនួនទ្រុងមាន់ចំនួនពីរបន្ថែមទៀត ព្រមទាំងទិញទូភ្ញាស់កូនមាន់ផងដែរ។ បងប្រុស ជា ទី និយាយក្នុងទឹកចិត្តសប្បាយរីករាយថា អាជីវកម្មចិញ្ចឹមមាន់ថ្មីនេះ អាចឱ្យគាត់រកប្រាក់ចំណេញសុទ្ធបានជាងបួនលានរៀលក្នុងមួយខែ។ ប្រាក់ចំណេញនេះ ជាប្រភពចំណូលសម្រាប់លើកកម្ពស់សេដ្ឋកិច្ចគ្រួសារយ៉ាងរឹងមាំ និងធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ។
ភាពជោគជ័យ ដែលបងប្រុស ជា ទី សម្រេចបាននាថ្ងៃនេះ គឺគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច នៃក្រសួងពាណិជ្ជកម្មបាននិងកំពុងប្រឹងប្រែងអនុវត្តគោលដៅគម្រោង ដោយការប្រែក្លាយកសិករទៅជាកសិ-ពាណិជ្ជករ បានន័យថាជំរុញលើកទឹកចិត្ត និងគាំទ្រឱ្យពួកគាត់បង្កើតមុខរបរចិញ្ចឹមមាន់ស្រែបែបអាជីវកម្ម គ្រប់គ្រង និងចាត់ចែងអាជីវកម្មរបស់គាត់ ធ្វើយ៉ាងណាឱ្យផលិតកម្មមាន់ស្រែនេះ មានដំណើរការល្អ និងប្រកបដោយនិរន្តរភាព។

