(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការផ្សារអាហារសុវត្ថិភាពរបស់ក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី (K.C.C.V PLANTATION CO., LTD) ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ពិធីសម្ពោធដាក់ឱ្យដំណើរការផ្សារអាហារសុវត្ថិភាពនេះ អញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូរអភិវឌ្ឍន៍ អ្នកឧញ៉ា ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមកសិករផលិតបន្លែសុវត្ថិភាព និងមាន់ស្រែ អាជ្ញាធរដែនដី បុគ្គលិកក្រុមហ៊ុនខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី ព្រមទាំងក្រុមការងារគម្រោងជាច្រើនរូប។
លោក នេត អង្គារ ជានាយកគ្រប់់គ្រងទូទៅនៃផ្សារអាហារសុវត្ថិភាពរបស់ក្រុមហ៊ុន K.C.C.V PLANTATION CO.,LTD បានបង្ហាញពីកិច្ចសហប្រតិបត្តិគ្នាជាមួយគម្រោង AIMS និងបានបង្ហាញពីប្រវត្តិរបស់ក្រុមហ៊ុន KCCV Plantations Co., LTD ដោយក្រុមហ៊ុន KCCV ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត បានបង្កើតឡើងក្នុងកំឡុងឆ្នាំ២០១២ ដែលមានអាយុកាល ៩ឆ្នាំហើយ។ ក្រុមហ៊ុផ្តោតសំខាន់ទៅលើផ្នែកកសិកម្ម ការដាំដុះ ផ្លែឈើហូបផ្លែ មានដូចជា ស្វាយ ធុរេន ម្រេច ក្រូចឆ្មា ចេក ផ្លែឈើតាមរដូវកាលផ្សេងៗទៀត និងផលិតផលអាហារគ្រៀមមួយចំនួនទៀត ដូចជា គ្រាប់ចន្ទីលីង និង តំណាប់ស្វាយគ្រៀម។
ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានបង្ហាញពីប្រវត្តិរបស់គម្រោង ផលិតផលកសិ-ពាណិជ្ជកម្មសក្តានុពលទាំងប្រាំ និងខេត្តគោលដៅដែលគម្រោងកំពុងអនុវត្ត។
ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាលើផលិតកម្មបន្លែសុវត្ថិភាព និងមាន់សាច់ ក៏ដូចជាតភ្ជាប់កសិ-ពាណិជ្ជកម្មបន្លែ និងទីផ្សារនៅកម្ពុជា គម្រោង AIMS បានសហការគ្នាជាមួយក្រុមហ៊ុន K.C.C.V. PLANTATUON Co.,LTD ក្នុងការកែលម្អខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែ មាន់ស្រែ តាមរយៈការតភ្ជាប់ផលិតផលទៅនឹងតម្រូវការទីផ្សារសំដៅពង្រឹង និងពង្រីកផលិតផលបន្លែ មាន់ស្រែ ផ្ដល់ឱ្យកាសបង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់កសិករផលិត ជាពិសេសបងប្អូនស្ត្រីនៅតាមជនបទ។
ការលើកកម្ពស់ផលិតកម្មបន្លែសុវត្ថិភាព មាន់ស្រែក្នុងស្រុក និងពង្រីកឱកាសទីផ្សាររបស់កសិករខ្នាតតូចឱ្យមានភាពសម្បូរបែប និងបង្កើនប្រាក់ចំណូលសម្រាប់កសិករ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) បានបង្កើតចង្កោមកសិករផលិតបន្លែសុវត្ថិភាព និងមាន់ស្រែ នៅតាមខេត្តគោលដៅចំនួន១៨ ដើម្បីតភ្ជាប់កសិ-ពាណិជ្ជកម្ម បន្លែ និងទីផ្សារ ព្រមទាំងសម្របសម្រួលភាពជាដៃគូវិស័យសាធារណៈ-ឯកជន លើកកម្ពស់ផលិតភាព និងផលចំណេញលើវិស័យបន្លែ និងមាន់សាច់ដល់កសិករខ្នាតតូច។ គម្រោងបានអនុវត្តផែនការសកម្មភាព និងប្រើប្រាស់ថវិកា ដើម្បីជីក អណ្តូង ស្ថាបនាអណ្តូងរេសាវ័រ ដើម្បីរក្សាទឹកទុកសម្រាប់ប្រជាពលរដ្ឋបង្កើនការដាំដុះបន្លែ និងចិញ្ចឹមសត្វ ដែលឆាប់ផ្តល់ផលនារដូវប្រាំងហួតហែង។ គម្រោងក៏បានសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំស្តុក និងចែកចាយបន្លែ ចែកចំណាត់ថ្នាក់ផលិតផលបន្លែ មាន់ស្រែ និងសាងសង់ទីសត្តឃាត ជាពិសេសមាន់ស្រែសម្រាប់បង្កើនតម្លៃបន្ថែមដល់កសិករក្នុងការផ្គត់ផ្គង់ទីផ្សារ និងបង្កើនផលិតកម្មធានាឱ្យបានសន្តិសុខស្បៀងប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាពដល់ប្រជាកសិករ រួមចំណែកបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនដល់កសិករនៅជនបទ។
ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការលើកកម្ពស់ផលិតកម្មបន្លែសុវត្ថិភាព និងមាន់សាច់ និងតភ្ជាប់ កសិ-ពាណិជ្ជកម្មបន្លែ និងទីផ្សារ ក្រសួងពាណិជ្ជកម្ម ដែលដឹកនាំប្រតិបត្តិគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានសម្របសម្រួលភាពជាដៃគូវិស័យឯកជន-សាធារណៈ ដើម្បីលើកកម្ពស់ផលិតភាព និងផលចំណេញលើវិស័យ បន្លែ និងមាន់ស្រែដល់កសិករ និងតួអង្គរខ្សែច្រវាក់តម្លៃពាក់ព័ន្ធនានា។ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងផ្សារអាហារសុវត្ថិភាព នឹងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែ សុវត្ថិភាព និងមាន់ស្រែ ជាពិសេសជួយសម្របសម្រួលដល់ក្រុមកសិករផលិតដោយគាំទ្រផែនការផលិតកម្មបន្លែ មាន់សាច់ និងតភ្ជាប់កសិ-ពាណិជ្ជកម្មបន្លែ ទីផ្សារ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ ដល់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងផ្សារអាហារសុវត្ថិភាព ធ្វើការសហការគ្នាឱ្យបានល្អក្នុងការពន្លឿនអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិ-ពាណិជ្ជកម្មបន្លែ និងមាន់ស្រែ ដើម្បីលើកស្ទួយវិបុលភាពកសិករ ខ្នាតតូច តាមរយៈការបង្កើនផលចំណេញកាន់តែច្រើន ដោយតភ្ជាប់កសិ-ពាណិជ្ជកម្មបន្លែ មាន់ស្រែ និងទីផ្សារ។ ផ្សារលក់បន្លែនិងមាន់សាច់ ដែលជាតួអង្គមួយសំខាន់ក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែច្រវាក់តម្លៃកសិ-ពាណិជ្ជកម្ម មិនមែនតែផ្សារអាហារសុវត្ថិភាពនេះទេ គឺគ្រប់ផ្សារទាំងអស់សូមមេត្តាផ្តោតការយកចិត្តទុកដាក់លើគុណភាពផលិតផលបន្លែ និងមាន់សាច់នៅក្នុងផ្សាររបស់ខ្លួន ព្រោះថាគុណភាពដើរតួនាទីសំខាន់ណាស់សម្រាប់ធ្វើការប្រកួតប្រជែង និងជាយុទ្ធសាស្ត្ររយៈពេលវែង។ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការសហការគ្នាក្នុងការពង្រឹងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិ-ពាណិជ្ជកម្មបន្លែនិងមាន់សាច់នេះ នឹងរួមចំណែកធ្វើឱ្យផលិតផលកសិ-ពាណិជ្ជកម្ម មានការកើនឡើងទាំងបរិមាណ និងគុណភាពនៅក្នុងទីផ្សារសម្រាប់បម្រើសេចក្តីត្រូវការបន្លែសុវត្ថិភាពនិងមាន់សាច់ដល់បងប្អូនប្រជាពលរដ្ឋ។ យើងតែងតែគិតគូពីសុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយការប្រើប្រាស់បន្លែនិងមាន់សាច់ដែលគ្មានប្រភពច្បាស់លាស់» ឯកឧត្តម ប៉ាន សូរស័ក្តិ គូសបញ្ជាក់៕


