កសិករ វ័រ សុខឿន និងប្រពន្ធ ទាវ ចិន្តា រស់នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាគ្រួសារមានស្ថានភាពជិតក្រ ។ គ្រួសារគាត់ចិញ្ចឹមមាន់តាមលក្ខណៈប្រពៃណី ចិញ្ចឹមជ្រូក និងពឹងផ្អែកលើការធ្វើស្រែជាងមួយហិចតា ជាកសិកម្មចិញ្ចឹមជីវិត។
ដោយមានការគាំទ្រពីគម្រោងអេមស៍ និងអាជ្ញាធរមូលដ្ឋាន កសិករវ័រ សុខឿន បានចូលរួមជាមួយនឹងក្រុមផលិតភូមិកាំងដីសដែលមានសមាជិក ៣១គ្រួសារ ផ្សេងទៀតមកពីភូមិរាជានុកូល និងភូមិកាំងដីសដោយរំពឹងថារចនាសម្ព័ន្ធក្រុមរឹងមាំ បច្ចេកទេសផលិតល្អ ទីផ្សារល្អនឹងជួយបង្កើនប្រាក់ចំណូល និងជីវភាពគាត់ឱ្យល្អប្រសើរជាងមុន។
កំពុងអង្គុយផ្សំចំណីមាន់ជាមួយភរិយា កសិករវ័រ សុខឿន បាននិយាយថា ”លើកទីមួយនេះ ខ្ញុំដាក់មាន់ចិញ្ចឹមច្រើនជាងខ្ញុំចិញ្ចឹមមកពីមុន។ ខ្ញុំកត់ត្រានូវទឹកប្រាក់ដែលយើងវិនិយោគក្នុងមុខរបរនេះ ហើយតែងតែសួរយោបល់ពីអ្នកដែលគេចិញ្ចឹមមាន់បានល្អ ដោយរំពឹងថាខ្ញុំនឹងទទួលបានជោគជ័យដែរ។” គាត់បាននិយាយបន្ថែមទៀតថា “ប្រសិនបើលើកទីមួយនេះយើងធ្វើបានល្អ មាន់ងាប់តិច ហើយចំណេញ យើងនឹងពង្រីកការចិញ្ចឹមឱ្យបានធំជាងនេះពីរដង។”



