(តាកែវ)៖ លោកជំទាវ គង់ សិទ្ធិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានក្នុងប្រទេស និងជានាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ទទួលបន្ទុកការិយាល័យមណ្ឌលភូមិភាគនិរតី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តគម្រោងពីចម្ងាយ នៅការិយាល័យមណ្ឌលភូមិភាគនិរតី នៅខេត្តតាកែវ ដែលមានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រោមការិយាល័យភូមិភាគនិរតី មន្ត្រីអនុវត្តគម្រោងនៃការិយាល័យគ្រប់គ្រងគម្រោង មន្ត្រីអនុវត្តគម្រោងនៅថ្នាក់ក្រោមជាតិជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម លោកជំទាវនាយករងគម្រោង បានថ្លែងអំណរគុណដល់ក្រុមការងារអនុវត្តគម្រោងចំពោះការខិតខំប្រឹងប្រែង និងរាល់សកម្មភាពគម្រោង រហូតសម្រេចបានលទ្ធផលគួជាទីមោទនៈ។ «សមិទ្ធិផល និងស្នាដៃទាំងអស់នេះ គឺកើតចេញពីទឹកចិត្តនៃការទទួលខុសត្រូវ ការលះបង់ និងការតាំងចិត្តពីភាគីពាក់ព័ន្ធក្នុងគម្រោងទាំងមូល ពិសេសពីសំណាក់លោកប្រធានមន្ទីរទាំង ០៥ខេត្ត លោកអនុប្រធានហាប់ មន្រ្តីបង្គោល អាជ្ញាធរពាក់ព័ន្ធ ទីប្រឹក្សាគម្រោង ដៃគូបច្ចេកទេស គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកផ្តល់ធាតុចូល អ្នកផ្តល់សេវាកម្ម ឈ្មួញប្រមូលទិញ និងកសិករផលិត» លោកជំទាវនាយករងគម្រោង មានប្រសាសន៍។
លោកជំទាវនាយករងគម្រោង បានមានប្រសាសន៍បន្ថែមថា «ដើម្បីអនុវត្តនូវយុទ្ធសាស្រ្តដកថយរបស់គម្រោងមកដល់ថ្នាក់ក្រោមជាតិនាពេលខាងមុខ ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងទទួលបានលទ្ធផលកាន់តែប្រសើរ ក្រុមការងារនៃការិយាល័យគ្រប់គ្រងគម្រោង បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តគម្រោងថ្នាក់ក្រោមជាតិដែលមានច្រើនជំនាញ។
ជាចុងបញ្ចប់ លោកជំទាវនាយករងគម្រោង ក៏បានលើពីកិច្ចការចម្បងៗដែលត្រូវរៀបចំអនុវត្តបន្តមានដូចជា៖
- Provincial Performance Based ជាវិធីសាស្ត្រវាស់វែងនូវការអនុវត្តការងារល្អនៅតាមខេត្តគោលដៅនីមួយៗដែលក្នុងនោះលោកប្រធានមន្ទីរដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ One work plan for all ទៅលើការអនុវត្តសកម្មភាពការងាររបស់ក្រុមការងារសម្របសម្រួលប្រមួលផ្ដុំកសិករអាជីវកររបស់ដៃគូផ្តល់សេវាបច្ចេកទេស រួមទាំងសកម្មភាពទទួលខុសត្រូវរបស់មន្ទីរខ្លួនផង ដើម្បីសម្រេចគោលដៅគម្រោងឱ្យបាន៨៥%
- ការរៀបចំផែនការរួមគ្នា ការត្រួតពិនិត្យការងាររួមគ្នា ជាកត្តាចាំបាច់ ដើម្បីសម្រេចបានលទ្ធផលយ៉ាងហោច ៨៥% លើផែនការសកម្មភាពទាំងអស់
- ការកំណត់តំបន់ប៉ូលសេដ្ឋកិច្ចដែលដើរតួនាទីសំខាន់ និងជាឆ្អឹងខ្នងរបស់គម្រោង
- យុទ្ធសាស្រ្តដកថយ (Exit Strategy) គឺជាទិសដៅទៅមុខ ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រូវឆ្លើយតបជាបន្ទាន់ ក្នុងការបំពេញតួនាទីរបស់ខ្លួនឱ្យកាន់តែសកម្ម និងអន្តរសកម្ម ព្រមទាំងការកសាងសមត្ថភាពរបស់មន្រ្តី ក្នុងលក្ខណៈមានភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវ ជាពិសេសរួមចំណែកបន្តនិរន្តរភាពនៃគោលដៅកំណត់របស់គម្រោងនាពេលអនាគត ដែលនេះជាបុរេលក្ខខណ្ឌដ៏មានសារៈសំខាន់បំផុត សម្រាប់ជំរុញវិស័យកសិពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។
























