វេទិកាសន្ទនា និងការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព ដោះស្រាយបញ្ហាទីផ្សាររបស់កសិករ នៅខេត្តកំពង់ស្ពឺ
…
(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ គង់ សិទ្ធិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម ក្នុងប្រទេស និងជានាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) បានអញ្ជើញជាអធិបតី នៃវេទិកា សន្ទនា និងការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដែលមានអ្នក ចូលរួមសរុបចំនួន ៣៦នាក់។
នៅក្នុងពិធីបើក លោកជំទាវ គង់ សិទ្ធិកា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ការខិតខំប្រឹងប្រែងពីក្រុម ការងាររបស់គម្រោងអេមស៍ខេត្តកំពង់ស្ពឺ ក្នុងការរៀបចំវេទិកាសន្ទនា និងការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃបន្លែ ព្រមទាំងការខិតខំអនុវត្តការងាររបស់ក្រុមការងារគម្រោងកន្លងមក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គ ទីផ្សារខ្សែច្រវាក់តម្លៃ ដែលបានអញ្ជើញចូលរួមក្នុងវេទិកានាពេលនេះ។
លោកជំទាវនាយករងគម្រោង មានប្រសាសន៍ថា វេទិកាសន្ទនា និងការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់ តម្លៃបន្លែសុវត្ថិភាព គឺជាវេទិកាចម្បងមួយ ក្នុងចំណោមយន្តការគាំទ្រជំរុញទីផ្សារក្រោមក្របខ័ណ្ឌគម្រោងអេមស៍ក្នុង គោលដៅជំរុញកិច្ចសន្ទនា និងការផ្សារភ្ជាប់ទំនាក់ទំនងកសិ-ពាណិជ្ជកម្ម ច្រវាក់ផ្គត់ផ្គង់ រវាងឈ្មួញ និងឈ្មួញ និងក្រុមកសិករផលិតគោលដៅ។ ការរៀបចំវេទិកានេះឡើង គឺដើម្បីកៀរគរ និងសម្របសម្រួលការពិភាក្សារវាងតួអង្គ ទីផ្សារខ្សែច្រវាក់តម្លៃ ដើម្បីចែករំលែកចក្ខុវិស័យ ចែករំលែកបទពិសោធន៍ ព្រមទាំងជំរុញកំណើនតម្លៃលើទីផ្សារសម្រាប់ផលិតផលកសិកម្ម និងការអភិវឌ្ឍន៍ចង្កោមផលិតផលតាមមូលដ្ឋានដែលអ្នកផលិតជាក្រុមកសិករខ្នាតតូចក្រីក្រអាចទទួលបានផលប្រយោជន៍រួមគ្នាក្នុងការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃដែលមានសក្ដានុពលអភិវឌ្ឍន៍ទីផ្សារ ជាពិសេស ជំរុញការអភិវឌ្ឍទីផ្សារបន្លែឱ្យ និងជាការស្វែងរកឱកាសសម្រាប់កិច្ចសហការ ក៏ដូចជាការបង្កើតបណ្តាញទំនាក់ទំនងរវាងភាគី ពាក់ព័ន្ធទាំងអស់ឱ្យមានភាពកាន់តែជឿរជាក់ រវាងពាណិជ្ជករ ជាមួយពាណិជ្ជករ និងការកសាងទំនាក់ទំនងរវាង ពាណិជ្ជករ និងក្រុមកសិករផលិត។«លោកជំទាវនាយករងគម្រោង គូសបញ្ជាក់»
លោកជំទាវនាយករងគម្រោង មានប្រសាសន៍បន្ថែមថា ចំពោះខេត្តកំពង់ស្ពឺគម្រោងបានចងក្រងកសិករ ក្រុមផលិតរួមមាន មាន់ស្រែ ស្រូវ និងបន្លែ បានចំនួន ៦៩ចង្កោម ស្មើនឹង ១២៣ក្រុមផលិត និងបានសម្របសម្រួលឱ្យមានកិច្ចសន្យាទិញ-លក់ ចំនួន ២០៩កិច្ចសន្យា នៅក្នុងអំឡុងពេលនៃការអនុវត្តគម្រោង។
ជាកិច្ចបញ្ចប់នៃសុន្ទរកថាបើកនៃវេទិកា លោកជំទាវនាយកគម្រោង បានស្នើឱ្យអ្នកចូលរួមក្នុងវេទិកា ប្រើប្រាស់វេទិកានេះ ឱ្យអស់លទ្ធភាព សម្រាប់ដោះស្រាយបញ្ហា បង្កើនទំនាក់ទំនង ទុកចិត្តគ្នា នឹងឈានដល់ការចុះកិច្ចសន្យា ដែលវាជាឱកាស និងការលើក ទឹកចិត្តដល់ក្រុមផលិតក្នុងស្រុក បន្តបង្កើនផលិតកម្ម និងផលិតភាពឱ្យបានកាន់តែច្រើន។
នៅក្នុងដំណើរការនៃវេទិកាក្រុមការងារបានប្រើប្រាឧបករណ៍ Trader Data fact sheet សម្រាប់ភ្ជាប់បណ្ដាញតួអង្គខ្សែច្រវាក់តម្លៃ ដោយប្រ់ប្រាស់វិធីសាស្ត្រពិនិត្យមើល និងសន្ទនាអំពីការភ្ជាប់អាជីវកម្មដោយពិនិត្យផ្ទាំងឆាតអំពីតម្រូវការ ទីផ្សារ និងការផ្គត់ផ្គង់ទីផ្សារ ។
លទ្ធផលចម្បងនៃវេទិកា ៖
១.ក្រុមហ៊ុន PGL បានចុះកិច្ចព្រមព្រៀងទិញ លក់បន្លែ ចំនួន ០១ ជាមួយអ្នកប្រមូលទិញបន្លែសហគមន៍កសិកម្ម ស្ត្រីក្តីសង្ឃឹមត្រែងត្រយឹង តំណាងដោយលោកស្រី កេត ចាន់សេង លើផលិតផលស្លឹកគ្រៃ ក្នុងតម្លៃថេរ ១.០០០រៀល/គក្រ និងបរិមាណមិនកំណត់ ផ្អែកលើលទ្ធភាពផ្គត់ផ្គង់របស់ចង្កោមផលិត។
២.ក្រុមហ៊ុនPGL និងបន្តពិភាក្សាជាមួយអ្នកប្រមូលទិញបន្លែក្នុងចង្កោម/សហគមន៍ ចំនួន២ទៀតគឺ ៖
- អ្នកប្រមូលទិញបន្លែក្នុងចង្កោម/ សហគមន៍កសិកម្ម មនោរម្យ ស្ថិតនៅភូមិវាលពន់ ឃុំមនោរម្យ ស្រុកថ្ពង លើផលិតផលបន្លែត្រសក់ស្រូវ។
- អ្នកប្រមូលទិញបន្លែក្នុងចង្កោម/ សហគមន៍កសិកម្មអមលាំង ស្ថិតនៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង លើផលិតផលបន្លែត្រសក់ស្រូវ។
៣.ក្រុមហ៊ុនកសិដ្ឋានលាស់ថ្មី (KLT) និងបន្តពិភាក្សាជាមួយអ្នកប្រមូលទិញបន្លែក្នុងចង្កោម/សហគមន៍ ចំនួន២គឺ៖
- អ្នកប្រមូលទិញបន្លែក្នុងចង្កោមព្រៃរំដួល ស្ថិតនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច លើផលិតផលបន្លែត្រសក់ផ្អ។
- អ្នកប្រមូលទិញបន្លែក្នុងចង្កោម/ សហគមន៍កសិកម្ម មនោរម្យ ស្ថិតនៅភូមិវាលពន់ ឃុំមនោរម្យ ស្រុកថ្ពង លើផលិតផលបន្លែត្រសក់ផ្អ។













