(កំពង់ចាម)៖ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានរៀបចំវេទិកាសន្ទនា និងការភ្ជាប់បណ្ដាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃដំឡូងមី ក្រោមអធិបតីភាព លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជាប្រធានការិយាល័យមណ្ឌល ភូមិភាគបូព៌ា-ឦសាន និងមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានកសិកម្ម តំណាងស្ថានីយ៍ផលិតពូជ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទ សិប្បកម្មផលិតម្សៅមី សឹង គឹមហេង សៃឡូឡុង វ៉ាន់ធី ឈ្នួញប្រមូលទិញ យិន សុខជា តំណាងកសិករបណ្តុះពូជដំឡូងមី សហគមន៍កសិកម្ម ទីប្រឹក្សាគម្រោងអេមស៍ និងមន្ត្រីមន្ទីរពាណិជ្ជកម្ម សរុបចំនួន ៣៤នាក់ ស្ត្រី ០៨នាក់។
លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមពីភាគីអ្នកពាក់ព័ន្ធនៅក្នុងវេទិកានេះ ដែលជាឱកាសជួបមុខគ្នាដើម្បីដោះស្រាយបញ្ហា បង្កើនទំនាក់ទំនង ទុកចិត្តគ្នា នឹងឈានដល់ការចុះកិច្ចសន្យា។
លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម មានប្រសាសន៍ថា វេទិកាដែលរៀបចំឡើងនេះមានគោលបំណងចង់ឱ្យ ដៃគូអាជីកម្មទាំងអស់យល់កាន់តែច្បាស់ពីវិស័យដំឡូងមី ផ្តល់ឱកាសឱ្យភាគីអ្នកពាក់ព័ន្ធបានស្គាល់គ្នាកាន់តែច្បាស់ និងអាចចងជាបណ្តាញដៃគូអាជីកម្មផងដែរ។
នៅក្នុងវេទិកាសន្ទនា និងការភ្ជាប់បណ្ដាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃដំឡូងមី សម្រេចបាន
- សិប្បកម្មផលិតម្សៅមី សឹង គឺមហេង យល់ព្រមទទួលទិញផលិតផលរបស់ពីក្រុមផលិតរបស់អេមស៍ និងឈ្នួញប្រមូល ទិញ ប្រមាណ ៣០ ០០០តោនក្នុងមួយឆ្នាំ និងទិញរយៈពេលពេញមួយឆ្នាំ ដោយផ្អែកលើមានគុណភាព ស្តង់ដារ និងមានស្មោះត្រង់។
- អ្នកប្រមូលទិញ យល់ព្រមទិញលក់ផលិតផលពីសមាជិកក្រុមផលិត និងលក់ទៅឱ្យសិប្បកម្ម ដោយផ្អែកទៅលើទំហំ ផ្គត់ផ្គង់ គុណភា និងស្តង់ដារ។
- ក្រុមការងារ GDA បង្កើតបណ្តាញទីផ្សារពូជដំឡូងមី ដោយធ្វើការភ្ជាប់តំណាងអ្នកផលិតពូជទៅស្ថានីយ៍ផលិតពូជ។ ក្នុងនោះក្រុមការងារ GDA ចូលរួមចំណែកក្នុងការគាំទ្របច្ចេកទេស ការផ្តល់ប្រឹក្សាយោបល់ផ្សេងៗ និងការស្វែងរក ទីផ្សារបន្ថែម។













