(បាត់ដំបង)៖ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យមណ្ឌលភូមិភាគពាយព្យ បានរៀបចំកិច្ចប្រជុំជំរុញកិច្ចសហប្រតិបត្តិការរវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ជាមួយក្រុមហ៊ុន ដែលជាដៃគូអនុវត្តក្រោមគម្រោង នៅមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង។ កិច្ចប្រជុំស្ថិតក្រោមអធិបតីភាព លោក សំរិទ្ធ សាកុរា អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងមានការចូលរួមពីសំណាក់លោក កុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ប្រធានមន្ទីរពាណិជ្ជកម្មមកពីខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងសៀមរាប ព្រមទាំងទីប្រឹក្សានៃការិយាល័យគ្រប់គ្រងគម្រោង ទីប្រឹក្សាខ្សែច្រវ៉ាក់តម្លៃ និងវិនិយោគ សហគ្រាស GIC ក្រុមហ៊ុនហ៊ុន E.L.K. Engineering Service Co.,LTD, មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម និងមន្ត្រីអនុវត្តគម្រោងជាច្រើនរូប។
លោក សំរិទ្ធ សាកុរា បានថ្លែងអំណរគុណដល់ក្រុមការងារគម្រោងអេមស៍ នៅការិយាល័យមណ្ឌលភូមិភាគពាយព្យដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក ដែលធ្វើឱ្យទទួលបានពិន្ទុវាយតម្លៃពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មចំនួន ៤លើ៦។ «យើងនឹងមានក្រុមការងារនៅការិយាល័យគ្រប់គ្រងគម្រោងដូចជា ក្រុមការងារខ្សែច្រវ៉ាក់តម្លៃ និងក្រុមការងារ ផ្នែកប្រតិបត្តិការ តាមដាន និងជួយពង្រឹងសមត្ថភាពក្រុមការងារ នៅតាមការិយាល័យមណ្ឌលភូមិភាគ និងតាមខេត្តគោលដៅ ដើម្បីឱ្យមានកិច្ចសហការគ្នាបានទូលំទូលាយ។» លោកនាយកគម្រោងគូសបញ្ជាក់។
លោកនាយកគម្រោង បានស្នើសុំឱ្យក្រុមការងារគម្រោងនៅការិយាល័យមណ្ឌលភូមិភាគពាយព្យជំរុញកិច្ចសហ ប្រតិបត្តិការជាមួយដៃគូអនុវត្តគម្រោងដែលមានដូចជា អគ្គនាយកដ្ឋានកសិកម្ម សហគ្រាស GIC និងក្រុមហ៊ុន E.L.K. Engineering Service Co.,LTD ឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យគម្រោងសម្រេចដល់គោលដៅ។
គូសបញ្ជាក់ថា ក្រុមហ៊ុនដែលជាដៃគូអនុវត្តក្រោមគម្រោង ក៏បានបង្ហាញពីឆន្ទៈ និងគោលដៅរបស់ខ្លួនយ៉ាងច្បាស់លាស់នៅក្នុងអង្គប្រជុំដើម្បីចូលរួមអនុវត្តគម្រោងឱ្យបានជោគជ័យផងដែរ។





