(ភ្នំពេញ)៖ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍ បានអញ្ជើញចូលរួមក្នុងវេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមកសិករផលិតក្រោមប្រធានបទ “ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃមាន់ស្រែ” ដែលមានឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាអធិបតី។ វេទិកានេះ មានការអញ្ជើញចូលរួមពី លោក ម៉េង ស័ក្តភូសិទ្ធិ មន្ត្រីនៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រចាំនៅកម្ពុជា លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ មន្ត្រីងនុវត្តគម្រោងនៃការិយាល័យគ្រប់គ្រងគម្រោងអេមស៍ តំណាងពីធនាគារ ARDB តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ តំណាងពីក្រុមហ៊ុន ជី អាយ ស៊ី តំណាងអ្នកប្រមូលទិញ និងតំណាងក្រុមផលិតមាន់ ជាច្រើននាក់។
វេទិកាវេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមកសិករផលិតក្រោមប្រធានបទ “ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃមាន់ស្រែ” រៀបចំឡើងដើម្បីបង្ហាញ និងចែករំលែកនូវព័ត៌មាននានា ជុំវិញផលិតកម្មមាន់ស្រែ ជាពិសេស សមត្ថភាពនៃការផលិតរបស់ក្រុមកសិករ ការផ្គត់ផ្គង់ទីផ្សារ តម្រូវការទីផ្សារ បញ្ហាប្រឈមនានា និងផែនការអភិវឌ្ឍទីផ្សារមាន់ស្រែនាពេលអនាគត។
ថ្លែងក្នុងសន្ទរកថាបើក ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍ បានលើកពីសាវតានៃគម្រោង និងបានបង្ហាញពីផលិតផលកសិ-ពាណិជ្ជកម្មសក្តានុពលចំនួនប្រាំដែលគម្រោងអនុវត្តរួមមាន៖ បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ នៅខេត្តគោលដៅចំនួន១៨ ដែលត្រូវបានបែងចែកជាបីមណ្ឌលភូមិភាគរួមមាន ការិយាល័យមណ្ឌលភូមិភាគនិរតី ការិយាល័យមណ្ឌលភូមិភាគបូព៌ា-ឦសាន្ត និងការិយាល័យមណ្ឌលភូមិភាគពាយ័ព្យ។
ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍ មានប្រសាសន៍ថា «គោលដៅអភិវឌ្ឍន៍របស់គម្រោងអេមស៍ គឺដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយវិបុលភាពលើខ្សែច្រវាក់តម្លៃផលិតផលកសិកម្មសម្រាប់កសិករខ្នាតតូច រួមទាំងកសិករក្រីក្រ ស្រ្តី និងយុវជនតាមរយៈការតភា្ជប់ផលចំណេញ និងការផ្សាភ្ជាប់ទីផ្សារជូនពួកគាត់ឱ្យបានកាន់តែទូលំទូលាយ ឱ្យបានចំនួន ៧៥ ០០០គ្រួសារ។»
«គម្រោងអេមស៍ បានខិតខំជំរុញក្នុងការផ្តល់ហិរញ្ញប្បទាន និងការគាំទ្រដល់ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ ដែលជាមធ្យោបាយចាំបាច់និងបន្ទាន់ រួមមានមូលនិធិសម្រាប់ការអភិវឌ្ឍតាមវិស័យ (SDF) មូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃ (VCIF) និងការផ្តល់ហិរញ្ញប្បទាន (LOC) ដើម្បីគាំទ្រកសិករផលិត ក្នុងការពង្រីកអាជីវកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។» ឯកឧត្តមនាយកគម្រោងមានប្រសាសន៍។
ឯកឧត្តមនាយកគម្រោង មានប្រសាសន៍បន្ថែមថា «ដើម្បីសម្រេចគោលដៅរបស់គម្រោង គម្រោងអេមស៍បានអនុវត្តសកម្មភាពមួយចំនួនដូចជា៖ ១) ផ្តល់មូលនិធិនវានុវត្តខ្សែច្រវាក់តម្លៃ (VCIF) បានចំនួន ១ ១១៤ គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ៩១០ ៦៧២,៦៤ដុល្លដារអាមេរិក សម្រាប់ជួយគាំទ្រកសិករនៅក្នុងការអនុវត្តបច្ចេកទេសចិញ្ចឹមមាន់ថ្មីៗ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ២) ផ្តល់មូលនិធិសម្រាប់ការអភិវឌ្ឍតាមវិស័យ (SDF) លើកន្លែងប្រមូលផ្តុំមាន់ចំនួន ៣២ទីតាំង និងទីសត្តឃាតមាន់ចំនួន ១៥ទីតាំង សម្រាប់ជួយសម្រួលដល់ក្រុមកសិករនៅក្នុងការលក់មាន់ ទៅកាន់ទីផ្សាររួមជាក្រុមផលិត និងការផ្គត់ផ្គង់មាន់បោចសម្រាប់តម្រូវការទីផ្សារមាន់បោចនៅក្នុងតំបន់ និងផ្សារធំៗនៅភ្នំពេញ។ ៣) ភ្ជាប់កិច្ចសន្យាទិញ-លក់មាន់ចំនួន ៩៦៤ ។
ឯកឧត្តមនាយកគម្រោង បានស្នើដល់អង្គវេទិកាទាំងមូលធ្វើការជជែក វែកញែក និងពិភាក្សាយ៉ាងផុសផុលពីបញ្ហាប្រឈម ដំណោះស្រាយ និងចែករំលែកនូវផែនការរួមនាពេលអនាគត ស្វែងរកការគាំទ្រពីភាគីពាក់ព័ន្ធដើម្បីជំរុញ និងគាំទ្រកសិករដើម្បីបង្កើនប្រាក់ចំណូលដល់កសិករចិញ្ចឹមាន់ខ្នាតតូច នៅក្នុងបណ្តាខេត្តទាំង ១៨ និងដើម្បីចូលរួមធ្វើឱ្យមានភាពល្អប្រសើរឡើងលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលមាន់ស្រែ។