«ដើម្បីឱ្យគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ទទួលបានជោគជ័យ លុះត្រាតែមានការចូលរួមពីបងប្អូនទាំងអស់គ្នាដែលជាអ្នកផលិត ឈ្មួញប្រមូលទិញ អ្នកផ្គត់ផ្គង់ថ្នាំ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត» នេះជាការលើកឡើងរបស់លោក សៀ ឡុងធារ័ត្ន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ។
លោកអនុប្រធានមន្ទីរ លើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្កោមលើផលិតផលដំឡូងមី នៅភូមិចើងដើង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានការចូលរួមពីសំណាក់មន្រ្ដីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អាជ្ញាធរដែនដី ឈ្មួញប្រមូលទិញ អ្នកលក់ធាតុចូល ប្រជាកសិករ និងមន្ត្រីអនុវត្តគម្រោង AIMS សរុបប្រមាណជាង ៤២នាក់។
ជាកិច្ចចាប់ផ្ដើម លោកអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ មានមតិសំណេះសំណាលជាមួយអ្នកចូលរួមប្រជុំ និងជម្រាបជូនពីគោលបំណងនៃកិច្ចប្រជុំ ក៏ដូចជាគោលបំណងនៃគម្រោង AIMS ជូនដល់អ្នកចូលរួមផងដែរ។
លោកអនុប្រធានមន្ទីរ បានមានប្រសាសន៍ថា គម្រោង AIMS ជាគម្រោងរបស់រដ្ឋ ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្ដោតលើទំនិញពាណិជ្ជចំនួន ០៥មុខ មានដូចជា បន្លែ មាន់ ស្រូវប្រណិត ដំឡូងមី និងសូត្រប្រណិត។
«សម្រាប់ខេត្តកំពង់ធំ មានទំនិញពាណិជ្ជចំនួន ០៣មុខ មានដូចជា មាន់ស្រែ បន្លែ និងដំឡូងមី។ លោកអនុប្រធានមន្ទីរ ក៏បានសំណូមពរអោយក្រុមអ្នកផលិតមេត្តាចូលរួមលើកឡើងពីបញ្ហាដែលបានជួបប្រទះក្នុងផលិតកម្មដំឡូងមី ដើម្បីរកដំណោះស្រាយនៅពេលប្រជុំពហុភាគីអ្នកពាក់ព័ន្ធ នៅលើកក្រោយ» លោកអនុប្រធានមន្ទីរគូសបញ្ជាក់។
ប្រជាកសិករបានលើកបញ្ហាប្រឈមជាច្រើនរួមមាន៖ តម្លៃដំឡូងមីលើទីផ្សារមិនមានស្ថេរភាព បញ្ហាជំងឺ (ក្រាស៊ី រួញស្លឹក ក្រហមស្លឹក ត្រួយលឿង រលួយមើម ងាប់ដើម មើមតូចមិនល្អ និងដាំមិនដុះ) ជញ្ជីងរបស់ឈ្មួញមិនមានភាពសុក្រិត និងត្រឹមត្រូវ ឈ្មួញកាត់ភាគរយច្រើន ខ្វះដើមទុនពង្រីកផលិតកម្ម ផ្ទៃដីដាំដុះមានទំហំតូច និងខ្សោះជីវជាតិ ជាដើម។
ចំណែកឯឈ្មួញ និងអ្នកផ្គត់ផ្គង់ធាតុចូលផលិតកម្ម ក៏បានបង្ហាញបញ្ហាប្រឈមផងដែរមានដូចជា៖ មានឈ្មួញច្រើន កសិករដកដំឡូងមីមិនទាន់គ្រប់អាយុ ដំឡូងមីដែលកសិករដឹកមកលក់មានលាយដី កាត់ខ្នែងអត់ស្អាត និងខ្វះដើមទុនពង្រីអាជីវកម្ម។


