(កំពង់ចាម)៖ ក្រុមការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងកម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (អាស្ប៉ាយ)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានសហការរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធលើផលិតផលមាន់ស្រែ នៅភូមិស្រាំជើង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានអ្នកចូលរួម ១៨នាក់។
វេទិកានេះ ធ្វើឡើង កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដែលមានការអញ្ជើញចូលរួមពីឈ្មួញប្រមូលទិញមាន់ស្រែ អ្នកផ្គត់ផ្គង់ពូជ ចំណី ថ្នាំ និងសម្ភារកសិកម្ម មន្ត្រីបច្ចេកទេសចិញ្ចឹមមាន់ស្រែ និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្គូរផ្គង់ឱ្យបានស្គាល់គ្នា និងណែនាំពីការគោលការណ៍ទិញ-លក់ជាមួយគ្នា។
វេទិកា បានសម្រេចជាលទ្ធផលគឺ ឈ្មួញអ្នកប្រមូលទិញ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកផលិត បានយល់ដឹងពីល័ក្ខខ័ណ្ឌនៃការទិញ-លក់រវាងគ្នា និងជាពិសេសគុណភាព និងបរិមាណផលិតផលដែលភាគីនីមួយៗអាចធ្វើបាន។ ពួកគាត់នឹងជួបគ្នាម្តងទៀតដើម្បីពិនិត្យពីលទ្ធភាពនៃការធ្វើកិច្ចសន្យា បន្ទាប់ពីតំណាងធ្វើផែនការផលិតជាក់លាក់ជាមួយសមាជិកក្រុមសិន។
វេទិកា ក៏បានសហការធ្វើការបង្ហាញពីផែនការ អាជីវកម្មជាលក្ខណៈគ្រួសារ និងបានចង្អុលបង្ហាញពីកញ្ចប់ថវិកាដែលគម្រោងទាំងពីរនឹងធ្វើការគាំទ្រដល់អាជីវកម្មផងដែរ។


