កសិករ អ៊ិន គីមហ៊ង់ មានអាយុ ៤០ឆ្នាំ និងស្វាមីឈ្មោះ ឃុន ធីដែន អាយុ ៤២ឆ្នាំ រស់នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ គាត់បានរៀបចំដាំបន្លែដោយមានបទពិសោធន៍តិចតូច និងមានបញ្ហាទទីផ្សារពេលដល់ប្រមូលផល។
កសិករ គីមហ៊ង់ បានស្ម័គ្រចិត្តចូលរួមជាមួយគម្រោងអេមស៍នៅឆ្នាំ២០២០ បន្ទាប់ពិចូលរួមជាមួយគម្រោង គាត់បានទទួលយកចំណេះដឹងទាក់ទងនឹងទីផ្សារ ការតភ្ជាប់បណ្តាញទីផ្សារ ការដាំដុះបន្លែដោយប្រើបច្ចេកទេសថ្មីៗ ជាពិសេស ចំណេះដឹងផ្នែកអាជីវកម្មផងដែរ។
កសិករ គីមហ៊ង់ បាននិយាយថា«បើទោះបីជារងនូវផលប៉ះពាល់ដោយជំងឺរីករាលដាលយ៉ាងណាក្តី ចំពោះទីផ្សារបន្លែរបស់គាត់វិញ គឺសំបូរអ្នកទិញណាស់ទាំងនៅផ្សារសួង ផ្សារនៅភ្នំពេញ និងផ្សារចុងសប្តាហ៍ ដែលរៀបចំដោយគម្រោងជំរុញទីផ្សារសម្រាប់អេមស៍ ព្រោះអ្នកទិញយកទៅលក់បន្ត និងបរិភោគទាំងនោះដឹងច្បាស់ពីប្រភពនៃបន្លែ និងយល់ថា បន្លែរបស់គាត់មានសុវត្ថិភាពខ្ពស់ហើយពួកគេ គឺមានទំនុកចិត្តលើបន្លែដែលគាត់បានផលិតតែម្តង។»
គីមហ៊ង់ បានបញ្ជាក់ថា «ក្នុងមួយឆ្នាំគាត់អាចទទួលបានប្រាក់ចំណូលជាមធ្យមពី ២០លានរៀល ទៅ ២៥លានរៀល ហើយការចំណាយវិញក្នុងមួយឆ្នាំ ប្រមាណជា ៩ លានរៀល លើថ្លៃទិញធាតុចូល និងជួលកម្លាំងពលកម្ម។»




