(កំពង់ចាម)៖ នៅសហគមន៍កសិកម្មសំបូរមានជ័យ ដែលស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានបើកវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (Multi-Stakeholder Platform) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ វេទិកានេះ មានការអញ្ជើញជាអធិបតីដោយលោក អភិបាលស្រុកស្ទឹងត្រង់ តំណាងមន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងមានអ្នកចូលរួមពីតំណាងក្រុមកសិករផលិតទាំង ៤ក្រុម តំណាងអ្នកប្រមូលទិញចំនួន ៣នាក់ និងអ្នកលក់ធាតុចូលកសិកម្មចំនួន ១នាក់។
វេទិកាពហុភាគីអ្នកពាក់ព័ន្ធនេះ ប្រព្រឹត្តិទៅក្រោមកិច្ចសហការគ្នារវាងគម្រោងធំៗចំនួន២ គឺ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលប្រតិបត្តិដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វេទិកាពហុភាគីពាក់ព័ន្ធ គឺជាកន្លែងដែលតួអង្គទាំងអស់ក្នុងខ្សែសង្វាក់តម្លៃអាចមកជួបទល់មុខគ្នាដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា។
កិច្ចពិភាក្សាក្នុងវេទិកាពហុភាគីអ្នកពាក់ព័ន្ធ បានលើកយកបញ្ហាចំនួន ១០ចំនុច មកបង្ហាញ ពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា។ វេទិកានេះ ក៏បានពិភាក្សា និងឯកភាពគ្នាទៅលើផែនការសកម្មភាពរួមគ្នាចំនួន ៦ចំនុច ដើម្បីដោះស្រាយបញ្ហា ដែលបានលើកឡើងជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា ថ្ងៃនេះ ជាលើកទី១ ដែលគម្រោងទាំងពីរ អនុវត្តនូវកម្មវិធីរួមគ្នានេះឡើង ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងបញ្ហាទីផ្សារ ដែលកសិករ(ក្រុមផលិត) ក្រុមអ្នកប្រមូលទិញ ឬអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ធាតុចូល កសិកម្ម ដែលកំពុងប្រឈម។ បញ្ហាប្រឈម គឺការចូលទៅកាន់ទីផ្សារដែលមានការប្រកួតប្រជែង កង្វះផលិតផល ដែលមានគុណភាពសម្រាប់ក្រុមអ្នកប្រមូលទិញ និងភាពខ្សោយនៃទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ធាតុចូលជាមួយនឹងកសិករក្រុមផលិត។
កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅ គម្រោងAIMS និងកម្មវិធី ASPIRE ធ្លាប់បានរៀបចំយុទ្ធសាស្រ្តកម្មវិធីរួមគ្នាក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការអនុវត្ត ដើម្បីសម្រេចបាននូវគោលបំណង និងលទ្ធផលរំពឹងទុកនៃគម្រោង ដែលបានអនុវត្តសាកល្បងទៅលើក្រុមផលិតចំនួន ៣ គឺទី១. ក្រុមផលិតបន្លែភូមិសូភាស ទី២. ក្រុមផលិតដំឡូងមីភូមិស្រប និងទី៣.ក្រុមផលិតស្រូវភូមិស្តុកធំ។



