(បាត់ដំបង)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញធ្វើទស្សនកិច្ចផ្សារចុងសប្ដាហ៍នៅខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងគាំទ្រផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករមកដាក់លក់នៅផ្សារ។ ពិធីទស្សនកិច្ចនេះ អមដំណើរដោយ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល គណៈប្រតិភូក្រសួងពាណិជ្ជកម្ម នាយកគម្រោងអេមស៍ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ប្រធានមន្ទីរពាណិជ្ជកម្ម និងក្រុមការងារគម្រោងអេមស៍។
នាឱកាសទស្សនកិច្ចនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំ និងជំរុញឱ្យគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច កៀរគរស្ថាប័នពាក់ព័ន្ធនានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ធ្វើឱ្យខ្សែច្រវាក់តម្លៃមានដំណើរការល្អប្រសើរ និងបង្កើតផ្សារចុងសប្ដាហ៍នៅតាមខេត្តគោលដៅនីមួយៗ ដើម្បីផ្សព្វផ្សាយលក់ផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករផ្ទាល់ ជាពិសេសលើកស្ទួយវិបុលភាពកសិករខ្នាតតូចតាមរយៈការបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ កសិករមកលក់នៅផ្សារ ក្រុមការងារគម្រោងអេមស៍ និងក្រុមការងារមន្ទីរពាណិជ្ចកម្មខេត្តនីមួយៗធ្វើយ៉ាងណាជួយគាំទ្រឱ្យផ្សារចុងសប្តាហ៍ដែលកំពុងលក់ដូរនេះឱ្យមានចីរភាពផងដែរ។
គួរបញ្ជាក់ថា នេះជាសប្តាហ៍ទី១០នៃដំណើការផ្សារចុងសប្តាហ៍ខេត្តបាត់ដំបង ដែលមានការដាក់តាំងលក់ផលិតផលបន្លែចម្រុះ មាន់ស្រែ សរុប១៨ស្តង់ ដែលកសិករក្រុមផលិតមាន់ស្រែមកពីស្រុករតនមណ្ឌល ស្រុកសង្កែក្នុងឃុំអន្លង់វិល និងបន្លែយកមកពីស្រុកសំឡូត ស្រុកបាណន់ ស្រុកឯកភ្នំ និងមកពីខេត្តបៃលិន។ក្រុមហ៊ុនល្អីបៃតងដែលប្រមូលទិញពីក្រុមកសិករ និងសហគ្រាសធន់តូច និងមធ្យម ដែលមានសិប្បកម្មមីល្ពៅប្រេងក្រឡា អំបុក ទឹកត្រី ក្រឡាន ស្រាដំឡូងមី និងដំណាប់ផ្សេង ក៏ចូលរួមលក់ក្នុងផ្សារចុងសប្ដាហ៍នេះផងដែរ។ ផ្សារចុងសប្ដាហ៍ជាសកម្មភាពចម្បងមួយ នៃសកម្មភាពនានារបស់គម្រាងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (ហៅកាត់ថាអេមស៍) និងជាយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមយុទ្ធសាស្ត្រជាច្រើនរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មនៅលើទីផ្សារ និងដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករខ្នាតតូចនៅតាមមូលដ្ឋាន តាមរយៈការធ្វើកសិ-ពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារនៅក្នុងនិងក្រៅតំបន់។ មកដល់បច្ចុប្បន្ននេះ គម្រោងអេមស៍បើកដំណើរការសាកល្បងផ្សារចុងសប្ដាហ៍បានចំនួន ១២ខេត្តហើយ។ ផ្សារដែលបើកមុនគេ គឺផ្សារចុងសប្ដាហ៍នៅខេត្តសៀមរាប ដែលបើកលក់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ និងមានការលក់ដូរបានល្អប្រសើរហូតមក។ គម្រោងអេមស៍មានផែនការបន្តបើកផ្សារដូចនេះ នៅបណ្ដាខេត្តគោលដៅផ្សេងទៀត និងរាជធានីភ្នំពេញនៅពេលឆាប់ៗនេះ។
«ការលក់បន្លែមាន់សាច់នៅផ្សារចុងសប្ដាហ៍នេះ ក្រៅពីផ្តល់ប្រាក់ចំណូលបន្ថែមដល់បងប្អូនកសិករ ក៏ធ្វើឱ្យអ្នកប្រើប្រាស់អាចជួបប្រាស័យទាក់ទងជាមួយកសិករផ្ទាល់ និងទិញកសិផលដែលមានប្រភពច្បាស់លាស់។ នៅថ្ងៃខាងមុខយើងខ្ញុំចង់ឃើញបងប្អូនទាំងអស់ប្រែក្លាយពីកសិករឆ្នើមទៅជាពាណិជ្ជករជោគជ័យ រកស៊ីកាន់តែចំណេញមានប្រាក់កាន់តែច្រើន! នោះហើយគឺជាគោលបំណងចម្បងនៃគម្រោងរបស់យើង» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។


