(កំពង់ចាម)៖ យុវជន សែ ស៊ាងឡុង វ័យ ៣០ឆ្នាំ រស់នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ទោះបីជាផលដំឡូងមីបានល្អប្រសើរក៏ដោយក៏ ស៊ាងឡុង មានភាពលំបាកក្នុងការប្រមូលផលដំឡូងមី ខ្វះខាតសេវាកម្មត្រាក់ទ័រ ។ ដោយមានការគាំទ្រពីគម្រោងក្នុងការអន្តរាគមន៍លើខ្សែសង្វាក់តម្លៃដំឡូងមី និងដោយសម្លឹងមើលឃើញឱកាសល្អក្នុងស្រុក ស៊ាងឡុង មានគំនិតផ្តួចផ្តើមវិនិយោគបន្ថែមអាជីវកម្មថ្មីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយទិញត្រាក់ទ័រសម្រាប់ផ្ដល់សេវា បង្គំរងដាំ និងគាស់ដំឡូងមី។
សែ ស៊ាងឡុង និយាយថា ខ្ញុំមានអតិថិជនទទួលសេវាកម្មគាស់ដំឡូងមីប្រមាណ ៤៩គ្រួសារ ដែលមានផ្ទៃដីដំឡូងមីប្រមាណ ៧០ហិចតា និងបានកម្រៃក្នុងមួយហិចតា ២០០ ០០០រៀល។ យុវជន ស៊ាងឡុង រំភើបរីករាយយ៉ាងខ្លាំងជាមួយនឹងអាជីវកម្មរីកលូតលាស់របស់ខ្លួន ដែលទើបបានចាប់ផ្តើមនេះ។ គាត់សប្បាយចិត្តនឹងប្រាក់ចំណេញសុទ្ធដែលបានមកពីការធ្វើអាជីវកម្មក្នុងរយៈពេល ២ខែនេះ ដែទទួលបានប្រមាណ ២ ៣២៥ដុល្លារ។ ស៊ាងឡុង បានបន្ថែមថា សេវាកម្មរបស់ខ្ញុំមិនដែលមានពេលទំនេរទេ ចាប់តាំងពីថ្ងៃចាប់ផ្តើមអាជីវកម្មមក គឺមានម៉ូយមកទាក់ទងមិនចេះដាច់ឡើយ។
ក្នុងអាជីវកម្មឈានមុខនេះ អាចជួយជីវភាពគ្រួសារ ស៊ាងឡុង ឱ្យបានប្រសើរឡើងមួយកម្រិត ដែលបង្ករលក្ខណៈ ឱ្យស៊ាងឡុងអាចពង្រីកអាជីវកម្មរបស់ខ្លួន។ ថ្មីៗនេះ គាត់បានដាក់ពាក្យស្នើសុំមូលនិធិនវានុវត្តន៍ ពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច។
ក្រៅពីការងារផ្ដល់សេវាកម្មជួលត្រាក់ទ័រ សែ ស៊ាងឡុង ក៏ស្ម័គចិត្តចូលរួមជាមួយក្រុមផលិតដំឡូងមី ដែលផ្ដួចផ្ដើមដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចផងដែរ។ ស៊ាងឡុង បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែលបានមកចូលរួមជួយអភិវឌ្ឍន៍មូលដ្ឋានរបស់គាត់ តាមរយៈការចងក្រងជាក្រុម ដើម្បីមានអំណាចក្នុងការចរចារតម្លៃជាមួយឈ្មួញ ការតភ្ជាប់បណ្តាញទីផ្សារ ការបណ្តុះបណ្តាលកសាងសមត្ថភាព និងបច្ចេកទេស ព្រមទាំងសម្របសម្រួលក្នុងការឈានទៅទទួលបានប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបសមរម្យ ដល់សមាជិកក្រុមដែលត្រូវការដើមទុនក្នុងការដាំដុះដំឡូងមីទៀតផង។


