(បាត់ដំបង)៖ ស្វាមីភរិយាមួយគូរដែលជាសមាជិកក្រុមចង្កោមកសិករចិញ្ចឹមមាន់ស្រែរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច នៅឆ្នាំ២០១៨ ក្នុងភូមិមុខរាហ៍២ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង គឺលោក កូយ ម៉ឹង និងសន ចន្ធូ ដែលបានចាប់ដៃរួមរស់ជាប្ដីប្រពន្ធតាំងពីឆ្នាំ១៩៩៧ មក ដោយទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣នាក់។ កូនប្រុសច្បងរៀនឆ្នាំទី១ ផ្នែកវិស្វករ កូនទី២ រៀនថ្នាក់ទី១១ និងកូនពៅរៀនថ្នាក់ទី៨។
មុនចូលគម្រោង លោក កូយ ម៉ឹង និងភរិយាធ្លាប់ចិញ្ចឹមមាន់ចំនួនពី២០ក្បាលទៅ៣០ក្បាលជាលក្ខណៈគ្រួសារ ដោយសារមិនមានចំណេះដឹងបច្ចេកទេសត្រឹមត្រូវ ធ្វើឲ្យការចិញ្ចឹមមាន់ពេលនោះជួបនូវបរាជ័យយ៉ាងធ្ងន់ធ្ងរ មាន់មេចំនួន៣០ក្បាល និងកូនចំនួន៥០ក្បាលត្រូវងាប់ដោយសារជំងឺផ្សេងៗ និងដោយសារកត្តារួមផ្សំដទៃទៀត។
ភាពបរាជ័យនេះ មិនបានបញ្ឈប់មហិច្ឆតារបស់លោកកូយ ម៉ឹង និងភរិយាឡើយ ស្របពេលដែលគម្រោងបានចូលមកផ្សព្វផ្សាយក្នងមូលដ្ឋាន ពួកគាត់ទាំង២ បានសម្រេចចិត្តដោយឥតស្ទាក់ស្ទើរចូលជាសមាជិកគម្រោង ហើយបន្ទាប់ពីបានរៀនសូត្រពីបច្ចេកទេសចិញ្ចឹមមាន់ និងការរកទីផ្សារដែលសម្របសម្រួលដោយគម្រោង លោក ម៉ឹង និង ភរិយាក៏សម្រេចចិត្តចិញ្ចឹមមាន់ (មេបានិងសាច់)ក្នុងលក្ខណៈទ្រង់ទ្រាយធំ ចំនួន ៣០០ក្បាល។
ដោយមើលឃើញពីសក្តានុពលទីផ្សារ និងលទ្ធភាពក្នុងការរកចំណូល លោកកូយ ម៉ឹង និងភរិយាបានសម្រេចចិត្តស្នើសុំកម្ចីចំនួន ១៥០០០ដុល្លារពីស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹត ក្នុងរយៈពេល០៥ឆ្នាំ ដើម្បីពង្រីកអាជីវកម្មចិញ្ចឹមមាន់។ បច្ចុប្បន្ននេះលោក កូយ ម៉ឹងមានមាន់សរុបចំនួន ២ ២០០ក្បាល ក្នុងនោះមេចំនួន២២០ក្បាល សាច់ចំនួន១ ០០០ក្បាល កូនចំនួន១ ០០០ក្បាល។
កម្ចីដែលលោកទទួលបានលោកមានផែនការសាងសង់ទ្រុងថ្មីមួយ ដែលមានទំហំ ៦ម៉ែត្រគុណនឹង ២៤ម៉ែត្រ ដែលអាចដាក់កូនមាន់បានចំនួន ៣ ០០០ក្បាល ជីកស្រះក្បែរកសិដ្ឋានរបស់លោក មានតម្លៃ ១ ៧០០ដុល្លារ និងបន្ថែមពូជចំនួន ១ ២០០ក្បាល និងសម្រាប់ទិញចំណី ។ បច្ចុប្បន្ននេះ លោកមានទូភ្ញាស់ចំនួន ១គ្រឿងមានសមត្ថភាពអាចភ្ញាស់បានចំនួន ១ ០០០គ្រាប់ មានទ្រុងទំហំ ៦ម X១២ម ចំនួន ១ អាចផ្ទុកូនមាន់បានចំនួន២២០០ក្បាល។
សម្រាប់លោក កូយ ម៉ឹងនិងភរិយា មុខរបរចិញ្ចឹមមាន់អាចទទួលបានប្រាក់ចំណេញច្រើន និងមិនចាំបាច់ចេញទៅឆ្ងាយផ្ទះ ។ លោកបញ្ជាក់ថា គ្រាន់តែរដូវសែនចិនកន្លងផុតទៅថ្មីៗនេះ លោកអាចរកចំណូលបានចំនួន ៨លាន ១០ម៉ឺនរៀល ពីការលក់មាន់ចំនួន ២៤០ក្បាល ហើយ សង្ឃឹមថា ក្រោយពេលដែលមាន់របស់លោកធំដល់វេនលក់ លោកនឹងរកចំណូលបានច្រើនទៀត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ឯទីផ្សារទៀត និងតម្លៃសោតក៏មិនមានបញ្ហាដែរមានឈ្មួញក្នុងមូលដ្ឋាន និងមកពីខាងក្រៅមកសួរនាំមិនដែលដាច់ឲ្យតែមានមាន់លក់ឲ្យគេ។
ថ្វីត្បិតតែគម្រោងមិនបានផ្តល់ជំនួយជាថវិកាដល់ក្រុមគ្រួសារកសិករចិញ្ចឹមមាន់ស្រែ តែគម្រោងបានផ្តល់ជាគំនិតយោបល់ ចំណេះដឹង និងបានចូលរួមធ្វើបដិវត្តន៍ផ្នត់គំនិតរបស់ពួកគាត់ និងបានបង្ករលក្ខណៈសម្បត្តិដល់ពួកគាត់ហ៊ានវិនិយោគមួយនេះ។


