(សៀមរាប)៖ នៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រជាកសិករនិយមដាំបន្លែជាយូរមកហេីយ។ ចំណែកដំណាំត្រសក់ចំណារ គឺជាដំណាំដែលកសិករយេីងនិយមដាំផងដែរ ដោយសារដំណាំត្រសក់ចំណារងាយស្រួលដាំជាងដំណាំដទៃទៀត មិនសូវពិបាកក្នុងការថែទាំ ហេីយដេីមទុនក៏មិនសូវចំណាយច្រេីន ជាពិសេសមានទីផ្សារល្អជាប្រចាំ។
បងស្រី រឹម ហៃ វ័យ ៣២ឆ្នាំ កសិករដាំដំណាំត្រសក់ចំណារលេីផ្ទៃដីផ្ទាល់ខ្លួន ១ ៥០០ ម៉ែត្រការ៉េ នៅភូមិបែកកាំភ្លើង និយាយថា ឥឡូវនេះគាត់មិនពិបាកដឹកត្រសក់ទៅលក់នៅឆ្ងាយដូចមុនទេ ដោយសារមានឈ្មួយដែលបានព្រមព្រៀងរួចមកទិញដល់កន្លែង។
គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានបង្កើតចង្កោមកសិករក្រុមផលិតបន្លែសុវត្ថិភាពនៅឃុំចាន់ស តាំងពីចុងឆ្នាំ២០១៨ ដើម្បីជំរុញទីផ្សារ និងសម្របសម្រួលដល់អ្នកលក់ អ្នកទិញបន្លែឱ្យមានកិច្ចព្រមព្រៀងទិញលក់ ដើម្បីលើកកម្ពស់ផលិតភាព និងផលចំណេញលើផលិតផលបន្លែក្នុងតំបន់។
ជាមួយនឹងការមានឈ្មួញល្អ មានការព្រមព្រៀងទិញលក់រឹងមាំ កសិករ រឹម ហៃ សប្បាយរីករាយនឹងប្រមូលផលលក់តាមផែនការ។ រឹម ហៃ និយាយបណ្ដេីរលេីកត្រសក់ដាក់ថ្លឹងទាំងញញឹមបណ្ដេីរថា “ការប្រមូលទិន្នផលក្នុងមួយវគ្គនេះ បាន ៤ ៥០០គីឡូក្រាម លក់បានប្រាក់ ៥,៤ លាន រៀល។ ខ្ញុំអាចយកលុយនេះ ទុកដាំដំណាំត្រសក់បន្តទៀត និងយកមកមួយចំណែកទៀតផ្គត់ផ្គង់ជីវភាពគ្រួសារ និងឱ្យកូនរៀនសូត្រ។ ”
ក្រោយពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចគាំទ្រការចងក្រងចង្កោម និងជួយសម្របសម្រួលទីផ្សារមក ធ្វើឱ្យផលិតកម្មបន្លែនៅក្នុងតំបន់មានការកេីនឡេីង និងមានទីផ្សារច្បាស់លាស់។ ឈ្មួញដែលទិញបន្លែពី កសិករ រឹម ហៃ និងពីឃុំចាន់ស បានបន្តលក់ទៅឱ្យផ្សារម៉ាក្រូ ផ្សារទំនើបអង្គរ ភោជនីយដ្ឋាន និងផ្សារសាមគ្គី។


