(ប៉ៃលិន)៖ ក្រុមការងារគម្រោងចុះអង្កេតតាមដានវឌ្ឍនភាពក្នុងការអនុវត្តកិច្ចសន្យាទិញលក់ពងមាន់ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានសមាជីកផលិតមាន់ចំនួន ៧គ្រួសារ ក្នុងនោះកសិករកំពុងប្រេីប្រាស់ទូភ្ញាស់កូនមាន់មានចំនួន ៣គ្រួសារ ។
លទ្ធផលក្នុងការពិភាក្សាជាមួយក្រុមផលិត ៤គ្រួសារ និងអ្នកទិញឃេីញថា ការអនុវត្តកិច្ចសន្យាមានលក្ខណ:ល្អប្រសើរ។ ពងមាន់លក់ក្នុងសប្តាហ៍នេះ មានចំនួន ១ ០៥០គ្រាប់ ដែលពងមាន់១គ្រាប់ តម្លៃ ១ ៣០០រៀល។ ភាគីអ្នកទិញយល់ព្រមតម្លើងតម្លៃពងមាន់ក្នុងមួយគ្រាប់តម្លៃ ១ ៥០០រៀល តាមការស្នើសុំរបស់អ្នកលក់ និងកូនមាន់អាយុ ៣ថ្ងៃ តម្លៃ ៣ ៥០០រៀល ក្នុង ១ក្បាល។
កិច្ចសន្យាទិញលក់កូនមាន់ និងពងមាន់នៅក្នុងភូមិនេះ មានរយៈពេល ៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។ ដោយមានការអនុវត្តបានល្អតាមកិច្ចសន្យា ភាគីទាំងពីរនឹងបន្តកិច្ចសន្យាជាថ្មីទៀត ដែលមានពងមាន់ចំនួន ៣ ០០០គ្រាប់ និងកូនមាន់ចំនួន ៣ ៥០០ក្បាល ក្នុងមួយខែ ដែលសរុបក្នុងមួយវដ្ដនៃកិច្ចសន្យា មានពងមាន់ចំនួន ៣៦ ០០០ គ្រាប់ និងកូនមាន់ចំនួន ២១ ០០០ក្បាល។ (រូបថត និងអត្ថបទ៖ សន សារ៉ុម មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន)


