(ព្រះវិហារ)៖ កសិកម្មតាមកិច្ចសន្យាត្រូវបានចាត់ទុកជាយន្តការ ដែលមានប្រសិទ្ធភាពក្នុងការបង្កើនផលិតភាព និងផលប្រយោជន៍សម្រាប់កសិករខ្នាតតូច និងកសិ-ពាណិជ្ជកម្ម។ តាមការចុះអង្កេត និងសិក្សាពីការអនុវត្តកិច្ចសន្យានៅសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី ដែលស្ថិតនៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី១០ ខែមីនា ឃើញថា ការទិញ-លក់ស្រូវសរីរាង្គមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ការអនុវត្តកិច្ចសន្យាបានល្អរវាងសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី និងក្រុមហ៊ុនអេមរុរ៉ាយស៍។ នៅរដូវនេះ សហគមន៍បានផ្គត់ផ្គង់ស្រូវសរីរាង្គចំនួន ៣ ២២៦ ៣៨២ គីឡូក្រាម ដល់ក្រុមហ៊ុនតាមកិច្ចសន្យា។ ចំណែកឯសមាជិកសហគមន៍ក៏មានការកើនឡើងពី ១៩៧គ្រួសារ នៅឆ្នាំ២០១៤ ដល់ ៥៤៩គ្រួសារ នៅឆ្នាំ២០២០។
សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី មានភាពរឹងមាំក្នុងការចាត់ចែងហិរញ្ញវត្ថុក្នុងក្រុម និងមានទំនុកចិត្ដខ្ពស់ពីក្រុមហ៊ុន។ លោក ឆែម អួត ប្រធានសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី និយាយថា នៅពេលដែលមានបញ្ហាប្រឈម យឺតយ៉ាវក្នុងការទូទាត់ប្រាក់ពីក្រុមហ៊ុនម្ដងៗ សហគមន៍បានប្រើបា្រស់ខ្សែបន្ទាត់ឥណទានពីធនាគារអភិវឌ្ឍន៍ជនបទសម្រាប់ដោះស្រាយបញ្ហារាំងស្ទះក្នុងក្រុមរបស់ខ្លួន ដែលធ្វើឱ្យសមាជិកសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី មិនមានបញ្ហាលើការប្រើប្រាស់សាច់ប្រាក់។
លោក ឆែម អួត បានបង្ហាញពីអារម្មណ៍សប្បាយរីករាយចំពោះគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែលចូលធ្វើអន្តរាគមន៍ដល់សហគមន៍របស់គាត់។ លោក អួត ក៏បានស្នើសុំគម្រោងនៅបន្តជួយសម្របសម្រួលដល់សហគមន៍លើបច្ចេកទេសដំណាំស្រូវ និងការជ្រើសរើសពូជស្រូវ (ស្រូវរំដួល និងម្លិះក្រហម) ជាពិសេសជួយសម្របសម្រួលប្រាក់កម្ចីដែល់សហគមន៍មានតម្រូវការ ដើម្បីឱ្យសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី អាចវិនិយោគបន្ថែមលើការសាងសង់ឃ្លាំងស្តុកស្រូវផងដែរ។


