ផលិតផលសូត្របានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណខ្មែរ។ ដោយវិស័យសូត្រនៅកម្ពុជា មានសក្តានុពលខ្លាំងសម្រាប់បង្កើតការងារ និងបង្កើតប្រាក់ចំណូលគ្រួសារខ្នាតតូច គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ចាប់ផ្ដើមភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ ទៅលើអាជីវកម្មសូត្រឈានមុខ ក្នុងការបង្កើតគ្រោងការណ៍កសិកម្មតាមកិច្ចសន្យាក្នុងការផលិតសូត្រឆៅសម្រាប់ប្រតិបត្តិការរបស់ពួកគាត់ផ្ទាល់។ ក្នុងភាពជាដៃគូរនេះគម្រោង ក៏មានរៀបចំសម្រាប់ការផ្គត់ផ្គង់សំបុកកូននាងដែលមានគុណភាពល្អប្រសើរជាងមុន និងជំរុញការដាំដើមមនមានគុណភាពតាមរយៈការដាំដុះដោយឯកជន។
កន្លងមកគម្រោងបានសម្របសម្រួលជាតួអង្គទាំងអស់នៃខ្សែសង្វាក់តម្លៃសូត្រ ដូចជា Golden Silk Pheach សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមកសិករ ដើម្បីពង្រឹងសមត្ថភាពក្នុងការផលិតកូននាង ដែលធ្វើពាណិជ្ជកម្ម និងការគាំទ្រដល់អ្នកដឹកនាំវិស័យសូត្រ និងធ្វើការស្រាវជ្រាវ។ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ក្រុមការងារគម្រោងខេត្តសៀមរាប និងវិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរ IKTT បានពិភាក្សាអំពីដំណើរការ និងបញ្ហាប្រឈមលើខ្សែច្រវ៉ាក់តម្លៃសូត្រ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកស្រី យ៉ាន រីណា ប្រធានគ្រប់គ្រប់វិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរ និយាយថា បញ្ហាប្រឈមក្នុងវិស័យសូត្រកម្ពុជា មានដូចជា ដង្កូវនាងពូជខ្មែរមិនសូវធន់ នឹងអាកាសធាតុក្តៅ ឬត្រជាក់ ដែលធ្វើឱ្យដង្កូវងាប់ច្រើន ម្យ៉ាងបរិយាកាសជុំវិញ ដែលមានក្លិនមិនល្អ ដូចជា អាចម៍ជ្រូក ថ្នាំសំលាប់សត្វល្អិត ក៏ជាបញ្ហាធ្វើឱ្យកូននាងងាប់ដែរ។ គាត់បានបន្ថែមថា បច្ចេកទេសដាំមននៅមានកម្រិត ដែលធ្វើឱ្យ ទិន្នផលទាប ដីខ្វះជីជាតិ ពិបាកស្វែងរកពូជមនជាដើម ក៏ជាកត្តារាំងស្ទះ វិស័យនេះផងដែរ។
វិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរ មានសក្ដានុពលច្រើនសម្រាប់ភាពជាដៃគូរជាមួយគម្រោង ដោយសារវិទ្យាស្ថានមានកសិដ្ឋានដាំដើមមន និងចិញ្ចឹមដង្កូវនាង នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ដែលមានពូជមន ២ប្រភេទគឺ ពូជមនបាយ និងពូជមនប្រាសាក់ ព្រមទាំងកំពុងចិញ្ចឹមពូជដង្កូវនាង ២ប្រភេទ គឺដង្កូវនាងខ្មែរមានសសៃសូត្រគុណភាពល្អ ពណ៌មាស ហើយពូជដង្កូវនាងកូនកាត់មានសសៃសូត្រគុណភាពល្អ ពណ៌មាស ងាយស្រួលចិញ្ចឹមធន់ និងអាកាសធាតុ និងបរិស្ថានខ្លាំង។ វិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរ មានបច្ចេកទេសដាំមន និងចិញ្ចឹមដង្កូវនាង ដែលស្រាវជ្រាវផ្ទាល់ និងទទួលបានវគ្គបណ្ដុះបណ្ដាលពីអ្នកជំនាញនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ វិទ្យាស្ថានក៏ប្រមូលទិញសូត្រឆៅ និងសំបុកឡត ពីកសិករនៅភ្នំស្រុក ខេត្តបន្ទាយមានជ័យផងដែរ។ ចំពោះទីផ្សារលក់ផលិតផលសូត្រវិញ វិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរ នាំចេញទៅជប៉ុន និងអាឡឺម៉ង់ ព្រមទាំងលក់ជូនភ្ញៀវទេសចរកម្សាន្ដនៅខេត្តសៀមរាប និងក្នុងពិធីតាំងពិពណ៌ផ្សេងៗ។


