(ព្រៃវែង)៖ កសិករ សាន សុផល រស់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានទិញកញ្ចប់សេវាបច្ចេកទេសចិញ្ចឹមមាន់ស្រែពីសហគ្រាស ជី អា ស៊ី (GIC) ដោយខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទដើម្បីវិនិយោគលើផលិតកម្មមាន់ស្រែ។ មកដល់ពេលនេះ កសិករ សាន សុផល បានសងបញ្ចប់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទរួចរាល់ហើយ គាត់ក៏បានបន្តការចិញ្ចឹមមាន់សាច់ក្នុងជុំទី៣ទៀត ដោយបានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនចំនួន ២ ៥០០ដុល្លារ ដើម្បីពង្រីកទីតាំង សង់របងសុវត្ថិភាព និងសង់ទ្រុងចិញ្ចឹមមាន់សាច់បន្ថែម។
ស៊ន សុជា ឈ្មួញប្រមូលទិញមាន់ស្រែ បាននិងកំពុងប្រមូលទិញមាន់ស្រែពីក្រុមកសិករផលិតរបស់គម្រោង និងប្រជាពលរដ្ឋក្រៅគម្រោង នៅស្រុកបាភ្នំ ស្រុកមេសាង និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ គាត់ទិញមាន់សាច់ក្នុងរង្វង់តម្លែពី ១៨ ០០០រៀល ទៅ ២១ ០០០រៀល។ ដោយមើលឃើញទីផ្សារល្អសម្រាប់ផលិតកម្មមាន់ស្រែ និងវេចខ្ចប់ទៅលក់នៅភ្នំពេញ គាត់បានពង្រីកអាជីវកម្មរបស់ខ្លួនដោយវិនិយោគថវិកាផ្ទាល់ខ្លួន ២ ០០០ដុល្លារ សាងសង់ទីសត្តឃាតមាន់ និងប្រើប្រាស់កម្លាំងពលកម្មចំនួន ៤នាក់សម្រាប់កែច្នៃមាន់ស្រែផ្គត់ផ្គង់ចូលផ្សារទំនើបចំនួន២ នៅរាជធានីភ្នំពេញ គឺផ្សារកសិផលខ្មែរ និងផ្សារទំនើបឡេងណាវ៉ាត់ត្រា។ ស៊ន សុជា ផ្គត់ផ្គង់មាន់ស្រែពី ៦០ គ.ក្រ ទៅ ១០០ គ.ក្រ.ជាប្រចាំថ្ងៃ។
គួរបញ្ជាក់ថា៖ ក្រុមការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនៃមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ធ្វើការយ៉ាងជិតស្និតជាមួយកសិករខ្នាតតូចដោយសម្របសម្រួលរវាងតួអង្គ អ្នកលក់ អ្នកទិញ អ្នកផ្ដល់សេវាកម្ម និងភាគីពាក់ព័ន្ធនានាលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃអាទិភាព ចេញពីផលិតកម្មរហូតទៅទីផ្សារ។


