(បន្ទាយមានជ័យ)៖ លោក ប៉ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងលោក ពិន សេងហាប់ អភិបាលរងស្រុកមង្គលបូរី បានអញ្ជើញចូលរួមធ្វើជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រាងទិញ-លក់ស្រូវក្រអូប។ កិច្ចព្រមព្រាងនេះ បានធ្វើឡើងរវាងក្រុមចង្កោមផលិតស្រូវក្រអូប ដែលតំណាងដោយលោក ឡាត យ៉ន (ប្រធានក្រុម) ជាមួយក្រុមហ៊ុនម៉ូនីតា ត្រេតឌីង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅភូមិត្របែក ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី សមាជិកក្រុមចង្កោមកសិករផលិតស្រូវក្រអូប ក្រុមហ៊ុនលក់ធាតុចូលកសិកម្ម និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សរុបអ្នកចូលរួមប្រមាណជាង ៧០នាក់។
លោក ប៉ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា «នៅខេត្តបន្ទាយមានជ័យចូលរួមអន្តរាគមន៍ផ្នែកទីផ្សារលើមុខទំនិញពាណិជ្ជកម្មចំនួនពីរ ក្នុងចំណោមផលិតផលទាំងប្រាំ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច-AIMS គឺ ស្រូវក្រអូប និងដំឡូងមី ដោយសារវាមានទីផ្សារនៅក្រៅប្រទេស និងផលិតកម្មលើសតម្រូវការទីផ្សារក្នុងស្រុក»។
លោក ពិន សេងហាប់ អភិបាលរងស្រុក បានលើកឡើងថា ពិធីចុះកិច្ចសន្យាថ្ងៃនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិករ ព្រោះអ្វីដែលជាទុក្ខលំបាកផ្សេងៗ ដូចជាបច្ចេកទេសក្នុងការប្រើប្រាស់ជី ការថែទាំស្រូវ ជាពិសេសការស្វែងរកទីផ្សារ ត្រូវបានដោះស្រាយជូនប្រជាកសិករដោយរៀបចំចុះកិច្ចសន្យាជាមួយក្រុមហ៊ុនម៉ូនីតានៅថ្ងៃនេះ។
ប្រធានក្រុមហ៊ុនម៉ូនីតា ត្រេតឌី លោក ប៊ូ វិបុល កោតសរសើរកសិករដែលមានឆន្ទៈសហការគ្នាចងក្រងជាក្រុមចង្កោម ដើម្បីចូលរួមជាមួយក្រុមហ៊ុន។ លោកក៏បានស្នើសុំឱ្យប្រជាកសិករ ច្រូតកាត់ប្រមូលផលតាមបច្ចេសទេស និងធ្វើយ៉ាងណាធានាគុណភាពគ្រាប់ស្រូវបានល្អ។ ប្រសិនជាស្រូវពូជមានគុណភាព ក្រុមហ៊ុននឹងផ្តល់តម្លៃថ្លៃជាងស្រូវធម្មតា ហើយក៏បានសំណូមពរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយចេញវិញ្ញាបណ្ណបត្រទទួលស្គាល់ដល់ចង្កោមកសិករផលិតស្រូវពូជផងដែរ។
សូមបញ្ជាក់ផងដែរថា កិច្ចសន្យាខាងលើនេះ ជាកិច្ចសន្យាលើកទីពីរ កិច្ចសន្យាលើកទីមួយប្រព្រឹត្តទៅកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ និងបានអនុវត្តការទិញ-លក់ពេលប្រមូលផលបានយ៉ាងរលូន។ កិច្ចសន្យាលើកទីពីរនេះ មានសុពលភាពពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ ផ្ទៃដីផលិតស្រូវក្រអូបមានចំនួន ៧២ហិកតា និងក្រុមចង្កោមកសិករផលិតស្រូវក្រអូបមានចំនួន ៣៤គ្រួសារ។ រាល់ការអនុវត្តកិច្ចសន្យាត្រូវកំណត់តម្លៃតាមទីផ្សារឡើង-ចុះ និងគុណភាពស្រូវជាក់ស្ដែង។ ជាគោលការណ៍តម្លៃស្រូវគិតជាមធ្យម ផ្អែកលើតម្លៃរបស់ក្រុមហ៊ុន និងរោងម៉ាស៊ីនចំនួនបី គឺក្រុមហ៊ុនបៃតង រោងម៉ាស៊ីន ឡាយ សែ និងរោងម៉ាស៊ីនកាក់បី។


