(កំពង់ធំ)៖ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារគម្រោងអេមស៍ (AIMS) នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានធ្វើការសម្របសម្រួលកិច្ចប្រជុំតភ្ជាប់រវាងអាជីវកម្មទៅអាជីវកម្ម (B2B) ព្រមទាំងសម្របស្រួលពិធីចុះកិច្ចសន្យា ទិញ-លក់ លើផលិតផលស្រូវ ចំនួន ០៦ កិច្ចសន្យា រវាងតំណាងកសិករក្រុមផលិតស្រូវចំនួន ០៣ក្រុម (ក្រុមផលិតស្រូវភូមិតាប៉ោង ក្រុមផលិតស្រូវតាប៉ោង(ក) និងក្រុមផលិតស្រូវភូមិតាអាំ) ជាមួយនិងឈ្មួញប្រមូលទិញ-លក់ស្រូវ ចំនួន០២រូប ក្នុងនោះឈ្មួញមកពីស្រុកកំពង់ស្វាយ ០១នាក់ (ឈ្មួញប្រមូលទិញស្រូវខេត្តកំពង់ធំ-ព្រះវិហារ-សៀមរាប)និងឈ្មួញមកពីស្រុកស្ទោង ០១នាក់(ឈ្មួញប្រមូលទិញស្រូវ ប្រចាំខេត្តកំពង់ធំ-ព្រះវិហារ-ខេត្តបន្ទាយមានជ័យ-ខេត្តបាត់ដំបង និងខេត្តសៀមរាប) ក្រោមអធិបតីភាពលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប ៣៣នាក់។
កសិករក្រុមផលិត ដែលមានសមាជិក ៨០គ្រួសារ យល់ព្រមផលិតនិងផ្គត់ផ្គង់ស្រូវលើផ្ទៃដីប្រមាណ ១៦០ហិកតា ក្នុងបរិមាណទិន្និផលគិតជាមធ្យមប្រមាណ ៨០០តោន ទៅ ៨៥០តោន លក់ជូនឈ្មួញ ប៉ា សុខេង (ឈ្មួញមកពីស្រុកស្ទោង) ។
កសិករក្រុមផលិត ដែលមានសមាជិក ៧៤ គ្រួសារ យល់ព្រមផលិតនិងផ្គត់ផ្គង់ស្រូវលើផ្ទៃដីប្រមាណ ១៤៨ ហិកតា ក្នុងបរិមាណទិន្និផលគិតជាមធ្យមប្រមាណ ៧៤០តោន ទៅ ៨០០តោន លក់ជូនឈ្មួញប្រមូលទិញស្រូវ លី លាភ (ឈ្មួញមកពីស្រុកកំពងស្វាយ) ។
ការកំណត់ការផ្គត់ផ្គង់ និងទទួលទិញស្រូវ ផ្តោតលើគុណភាពស្រូវ (លេខ១ និងលេខ២) និងតម្លៃយកតាមទីផ្សារលើទីផ្សារ ជារៀងរាល់ថ្ងៃ ។
ចំពោះស្រូវដែលមានគុណភាព ចំណាត់ថ្នាក់លេខ១(ស្រូវស្អាត) ឈ្មួញទទួលទិញក្នុងតម្លៃលើសតម្លៃធម្មតាពី ១០ទៅ២០រៀល/គីឡូក្រាម។
កសិករនឹងទទួលបានចំនួន ១០រៀល/គីឡូក្រាម ជាប្រាក់លើកទឹកចិត្តដល់កសិករដែលយល់ព្រមចូលរួមលក់ជាក្រុម នៅក្នុងគម្រោង។
កិច្ចសន្យាទិញ-លក់នេះ នឹងធ្វើរៀងរាល់ ០៤ខែម្តង និងមុនពេលប្រមូលផលមួយខែ។


