(ស្ទឹងត្រែង)៖ ក្រុមការងារ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) នៃមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់ ដើម្បី កំណត់ ទីតាំង ដីសម្រាប់ សាងសង់ កន្លែងប្រមូលផ្តុំ ទិញលក់មាន់ស្រែ នៅ សាលាឃុំ ថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ដែល បានអញ្ជើញ ចូលរួម ពីសំណាក់ លោកស្រី ម៉ែន ស៊ីណា អភិបាលរង ស្រុកថាឡាបរិវ៉ាត់ និង លោក ហាន់ រឿន មេឃុំថាឡាបរិវ៉ាត់ និងមន្ត្រីពាក់ព័ន្ធ ផ្សេងទៀត ជាច្រើនរូប ។
អាជ្ញាធរ ភូមិ ឃុំ និងថ្នាក់ដឹកនាំ ចង្កោម ផលិតមាន់ស្រែ ថាឡាបរិវ៉ាត់ បានសម្រេច ផ្តល់ដី នៅទល់មុខ វិទ្យាល័យព្រះគោ តាមលក្ខខណ្ឌ របស់ គម្រោង សម្រាប់ សាងសង់ កន្លែង ប្រមូល ទិញ-លក់ មាន់ស្រែ រួមគ្នា ហើយ ជំរុញ និងគាំទ្រ យ៉ាងខ្លំាង ដល់ ការអនុវត្ត សកម្មភាព របស់ ក្រុមការងារ គម្រោងអេមស៍ នៃ មន្ទីរពាណិជ្ជកម្ម ខេត្តស្ទឹងត្រែង ។
ក្រុមការងារ គម្រោង ក៏បាន ផ្សព្វផ្សាយ ពីគម្រោង មូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃ (ហិរញ្ញប្បទានឥតសំណង) ជូនដល់ អ្នកចូលរួម ស្តីពី គោលការណ៍ និងលក្ខខណ្ឌ របស់ មូលនិធិ VCIF ដោយ ផ្តោត ជាសំខាន់ លើក សិករ ដែល ហ៊ានវិនិយោគ នូវ បច្ចេកទេសថ្មីៗ មុនគេ។
គូសបញ្ជាក់ថា ក្រុមផលិត មាន់ស្រែ ភូមិ កាំងតេជោ មានសមាជិក សរុបចំនួន ២៤ គ្រួសារ ហើយ សកម្មភាព នៃការផលិត មាន់សាច់ របស់ កសិករ មាន ការកើនឡើង យ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់ ដោយ សារមាន ការគាំទ្រច្រើន ពីស្ថាប័ន នានាផងដែរ ។
(ប្រភព៖ ក្រុមការងារ គម្រោងអេមស៍ នៃមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង)


