(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពក្នុងការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សុខទី អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ និងមន្ត្រីអនុវត្តគម្រោងប្រមាណ ៦៥នាក់។
ឯកឧត្ដម ប៉ាវ ហេងតារា មានប្រសាសន៍បើកកិច្ចប្រជុំ ដោយផ្ដោតសំខាន់លើការពិនិត្យឡើងវិញនូវអ្វីដែល គម្រោងបានអនុវត្តកន្លងមក និងផែនការបន្តអនុវត្តបីខែទៅមុខទៀត ជាពិសេសអនុវត្តតាមសកម្មភាព ដែលបានព្រមព្រៀងចំនួន ៣៨ចំណុច ជាមួយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម។ ឯកឧត្ដម ក៏បានលើកឡើងថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងធំមួយរបស់ក្រសួងពាណិជ្ជកម្ម ដោយផ្ដោតលើទីផ្សារ និងបន្ស៉ីគ្នាដោយបង្កើតជាកិច្ចសហប្រតិបត្តិការជាមួយដៃគូយុទ្ធសាស្ត្រនានា ដូចជា កម្មវិធី ASPIRE គម្រោង SAAMBAT វិស័យឯកជន និងដៃគូដទៃទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសមានភាពជិតស្និតជាមួយភាគីពាក់ព័ន្ធដូចជា សហគមន៍កសិកម្ម សភាពាណិជ្ជកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ គម្រោងត្រូវពង្រីកសកម្មភាព ឱ្យឆ្លើយតបទៅនឹងសូចនាករ និងសំណូមពរឱ្យអ្នកចូលរួមអនុវត្តគម្រោងទាំងអស់ ទទួលយកបច្ចេកវិទ្យាថ្មី មានសាមគ្គីភាពក្នុងការបំពេញភារកិច្ចគម្រោងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ឯកឧត្តម ចាន់ សុខទី បានលើកយកចំណុចមួយចំនួន ដែលពាក់ព័ន្ធនឹងលទ្ធផល និងបញ្ហាប្រឈម ក៏ដូចជាអនុសាសន៍របស់មូលនិធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដែលបានផ្ដល់ និងធ្វើយ៉ាងណាតម្រង់ទិសគម្រោងក្នុងការអនុវត្តខាងមុខទៀត។ ឯកឧត្តម បានរំលឹកពីលទ្ធផលកិច្ចប្រជុំ បច្ចេកទេសរយៈពេលពីរថ្ងៃនេះ ជាមួយតំណាងមូលនិធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម និងគម្រោងដែលមានការចូលរួមពីក្រុមការងារតាមមណ្ឌលភូមិភាគទាំងបី និងខេត្តចូលរួមអនុវត្ត។ កិច្ចប្រជុំបានសម្រេចកិច្ចការជាច្រើនពាក់ព័ន្ធនឹងការកែទម្រង់មួយចំនួន ដែលពាក់ព័ន្ធនឹងផ្នែកខ្សែសង្វាក់តម្លៃ ផ្នែកប្រតិបត្តិការ ការគ្រប់គ្របហិរញ្ញវត្ថុ ការគ្រប់គ្រងនិងត្រួតពិនិត្យ និងផ្នែកផ្សេងៗទៀត ហើយមណ្ឌលភូមិភាគទាំងបី និងខេត្តចូលរួមអនុវត្ត ក៏បានចូលរួមផ្ដល់ជាធាតុចូលយ៉ាងច្រើន ដែលធ្វើឱ្យការអនុវត្តគម្រោងមានលក្ខណៈសាមញ្ញ ងាយស្រួលក្នុងការអនុវត្តដោយផ្អែកតាមមូលដ្ឋានអនុវត្ត ដែលផ្តល់អនុវសាសន៍ដោយ IFAD។
ឯកឧត្តម ចាន់ សុខទី ក៏បានរាយការណ៍ជូនអង្គប្រជុំ នូវក្នុងបរិបទនៃការអនុកម្មវិធី គម្រោងបានផ្ដល់ វិភាគទាន តាមរយៈសមាសភាគសំខាន់ចំនួន ៥ ដែលពាំនាំឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលមាន សេដ្ឋកិច្ចជនបទប្រសើរ៖
– ទី១ គម្រោងជួយកសិករ និងអ្នកផលិតឱ្យទទួលបានទីផ្សារដែលមាននិរន្តរភាព ហើយអាចផ្លាស់ប្តូរផ្នត់គំនិតកសិករ និងអ្នកផលិតឱ្យងាកមកធ្វើកសិកម្មទំនើបតាមលក្ខណៈជំនួញ។
– ទី២ សម្របសម្រួលឱ្យមានបណ្ដាលល្អនៅគ្រប់ទិសទី ដើម្បីឱ្យពួកគាត់ទទួលបាននូវខ្សែសង្វាក់មួយ ប្រកបដោយភាពទុកចិត្ត។
– ទី៣ សម្របសម្រួលឱ្យមានការវិនិយោគឯកជនយ៉ាងសន្ធឹកសន្ធាប់ដើម្បីឆ្លើយតបទៅនឹងឱកាសទីផ្សារ
– ទី៤ គាំទ្រទីផ្សារឱ្យមានចីរភាពលើអ្នកផ្តល់សេវា និងអ្នកផ្ដល់ធាតុចូលសំខាន់ៗ តាមរយៈការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។
– ទី៥ បង្កើតឱ្យមានវេទិកាជាចំហរ ដែលមានយន្តការអនុវត្តជាក់ស្ដែង ក្នុងការជំរុញវិនិយោគសារធារណៈឱ្យបានច្រើន និងដោះស្រាយបញ្ហាប្រឈមជាអាទិភាពនានា និងបង្កើនល្បឿននៃការអនុវត្តឱ្យមានការរីកចម្រើននៅជនបទ៕


