(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ដឆ្នាំ២០២០។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ឯកឧត្ដម ប៉ាវ ហេងតារា រដ្ឋលេខាធិការ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការ ឯកឧត្តម ចាន់ សុខទី អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ និងមន្ត្រីចូលរួមអនុវត្តគម្រោងប្រមាណ៧០នាក់។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា គម្រោងមានវិសាសភាពធំធេង ដោយគ្របដណ្ដប់លើខេត្ត ចំនួន១៨ សម្រាប់ធ្វើការតភ្ជាប់ទីផ្សារជាមួយផលិតផល និងឈានដល់ការពង្រីកអាជីកម្មរបស់កសិករ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលជូនកសិករ ចំនួន ៧៥ ០០០គ្រួសារ។
យោងតាមរបាយការណ៍របស់នាយកគម្រោង បានឱ្យដឹងថា នៅឆ្នាំ២០១៩ ការអនុវត្តកន្លងមកមានការីកចម្រើនគួរកត់សម្គាល់។ កាលខែមករា ឆ្នាំ២០១៩ កន្លងមក ក្រុមបេសកម្មគាំទ្ររបស់មូលនិធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម បានវាយតម្លៃថា គម្រោងជាទូទៅដើរលើផ្លូវត្រូវ មានការលូតលាស់ហើយទទួលបាននូវវឌ្ឍនភាពគួរកត់សម្គាល់។ ទន្ទឹមនឹងនេះដែរ គម្រោងបានដោះស្រាយចំណុចអវិជ្ជមាន ការរាំងស្ទះមួយចំនួន ដែលជាអនុសាសន៍របស់ក្រុមបេសកម្មមូលនិធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម និងកែសម្រួល និងដាក់ផែនការបន្តអោយមានសង្គតិភាព និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងទទួលបានប្រសិទ្ធភាព ជាពិសេស កសិករខ្នាតតូចបានទទួលប្រាក់ចំណូលទៀងទាត់តាមរយៈការគាំទ្រពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យបានចុះឈ្មោះកសិករមានកំណើនជាង ៩០% បើប្រៀបធៀបនឹងផែនការឆ្នាំ ហើយក្រុមការងារការិយាល័យគ្រប់គ្រងគម្រោង និងខេត្តអនុវត្តគម្រោង បន្តការងារនេះ ដើម្បីឱ្យបានចប់សព្វគ្រប់តាមផែនការនៅឆ្នាំបន្ទាប់ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់មន្ទីរពាណិជ្ជកម្ម ប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងម៉ត់ចត់បំផុតបន្តទៀត ដើម្បីធានាបានទីផ្សារ និងចំណូលរបស់កសិករ។ គោលបំណងរបស់គម្រោង គឺពាក់ព័ន្ធនឹងការងារស្នូលរបស់មន្ទីរពាណិជ្ជកម្មខេត្តដើម្បីបង្កើនចំណូលជូនកសិករដែលជាអ្នកផលិត តាមរយៈការតភ្ជាប់ទៅទីផ្សារឱ្យទូលំទូលាយ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តដល់ការិយាល័យគ្រប់គ្រងគម្រោង ប្រឹងប្រែងអនុវត្តការងាររបស់ខ្លួន ស្របតាមនីតិវិធីរួមរបស់រាជរដ្ឋាភិបាល។ សហការណ៍យ៉ាងជិតស្និត បង្កើតឱ្យមានកិច្ចសហការជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងគម្រោងមួយចំនួនទៀត នៅក្នុងប្រទេសកម្ពុជា ដូចជាកម្មវិធី ASPIRE របស់ក្រសួងកសិកម្ម និងគម្រោង SAAMBAT របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធនានា ដូចជាអង្គការកសិករ សភាពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍ជនបទ ។ល។
ឆ្លងកាត់ការស្តាប់នូវវឌ្ឍនភាពនិងបញ្ហាលើកឡើងពីគ្រប់ផ្នែកទាំងអស់ និងកិច្ចពិភាក្សារួចមក ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការអនុវត្តគម្រោងគួរប្រកាន់ខ្ជាប់ជាចម្បងនូវការអភិវឌ្ឍខ្សែសង្វាក់តម្លៃ ក្នុងការជំរុញក្រុមអ្នកទទួលផលគោលដៅ រួមមានកសិករខ្នាតតូច គ្រួសារក្រីក្រ (ស្រ្តី យុវជន និង ជនជាតិភាគតិច) ដើម្បីផ្សាភ្ជាប់ក្រុមគោលដៅនោះទៅនឹងទីផ្សារ។ អ្នកអនុវត្តទាំងអស់ ត្រូវអនុវត្តចំណុចដូចខាងក្រោម៖
១) អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសនៅថ្នាក់ខេត្ត មានទីប្រឹក្សា និងមន្រ្តីមន្ទីរ ត្រូវរួមគ្នាបំពេញ នូវកង្វះខាត ដូចជាការចុះឈ្មោះកសិករក្នុងប្រព័ន្ធ MIS តាមផែនការរបស់ខ្លួន និងបានត្រឹមត្រូវ។
២) ការវិនិយោគរបស់កសិករ មានកម្រិតទាបនៅឡើយ សូមសហការណ៍គ្នា ធ្វើយ៉ាងណាជំរុញអោយកសិករមានការវិនិយោគ តែត្រូវសមស្របតាមលទ្ធភាព និងសមត្ថភាពរបស់កសិករ (មិនមានការបង្ខិតបង្ខំ)។
៣) ការកសាងសមត្ថភាពដល់មន្រ្តីជាកត្តាសំខាន់ក្នុងការអនុវត្តគម្រោង ឲ្យយល់ច្បាស់ពីគោលបំណង និងមានឆន្ទះក្នុងការអនុវត្ត គម្រោងឲ្យប្រព្រឹត្តិទៅដោយរលូន។
៤) សម្របសម្រួលជាមួយគម្រោង SAAMBAT លើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងការតភ្ជាប់ផលិតកម្ម និងទីផ្សារបានល្អប្រសើរ។
៥) គ្រប់គ្រងហានិភ័យទៅនឹងបម្រែបម្រួលអាកាសធាតុ គឺត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ជំរុញឲ្យមានប្រព័ន្ធរក្សាទឹកសម្រាប់ស្រោចស្រពកសិផលរបស់កសិករ ជាសវាងការខូចខាត និងខាតបង់ថវិកា។
៦) សហការជាមួយអ្នកជំនាញបច្ចេទេស ដូចជាកម្មវិធី ASPIRE និងគម្រោង SAAMBAT និងដៃគូរ សហគ្រាសដទៃទៀត ក្នុងការផ្សាភ្ជាប់គ្នារវាង បច្ចេកទេសដាំដុះ ឬចិញ្ចឹម និងទីផ្សារសម្រាប់លក់។


