(ភ្នំពេញ)៖ ការិយាល័យគ្រប់គ្រងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីទម្រង់ប្រមូលទិន្នន័យសៀវភៅកត់ត្រារបស់កសិករ (Farmer’s Diary) ក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មាន ដល់ក្រុមការងារអនុវត្តគម្រោងតាមខេត្តគោលដៅ រយៈពេលបីថ្ងៃពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នាទីស្ដីការក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះ មានការអញ្ចើញជាអធិបតីពី លោក សំរឹទ្ធ សាកុរា អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយករងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងមានការចូលរួមពីសំណាក់តំណាងបេសកម្មក្រុមការងារ មូលនិធិអន្តរជាតិសម្រាប់ អភិវឌ្ឍន៍កសិកម្ម ក្រុមការងារអនុវត្តគម្រោងថា្នក់ជាតិ ខេត្តគោលដៅ និងដៃគូរពាក់ព័ន្ធផ្សេងទៀត មកពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថី្មដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងគម្រោងនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រទីផ្សារកសិកម្ម អាជីវកម្ម និងពាណិជ្ជកម្ម (SAAMBAT) ប្រមាណ៧០នាក់។
លោក សំរឹទ្ធ សាកុរា បានមានប្រសាសន៍ថា យោងតាមផែនការរបស់ក្រុមការងារគម្រោង ការិយាល័យ គ្រប់គ្រងគម្រោងបានបើកសិក្ខាសាលាណែនាំតម្រង់ទិសលើកទី១ ស្តីពី ការគ្រប់គ្រង និងវាយតម្លៃ (M&E) និងប្រព័ន្ធគ្រប់គ្រងព័ត៌មាន(MIS) នៅខេត្តតាកែវ បន្ទាប់មកក្រុមការងារបានបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យ ការចុះឈ្មោះរបស់កសិករក្នុងTablet ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មាន នៅតាមការិយាល័យមណ្ឌលភូមិភាគទាំងបីផងដែរ។
លោកនាយករងគម្រោងបានបន្ថែមថា ការងារចុះឈ្មោះកសិករមិនទាន់បានគ្រប់ចំនួននៅឡើយទេបើធៀបនឹងផែនការដែលបានគ្រោង ក្នុងឆ្នាំ២០១៨ និង២០១៩។ ខ្ញុំសង្កេតឃើញថា មូលហេតុមិនបានគ្រប់ចំនួនតាមផែនការបណ្ដាលមកពី៖ ទី១. ការកៀរគរកសិករមិនទាន់បានត្រឹមត្រូវតាមផលិតផល (កសិករមិនមានសក្តានុពលគ្រប់គ្រាន់លើផលិផលនីមួយៗរបស់គម្រោង) ទី២. ក្រុមការងារមិនបានគាំទ្រទាន់ពេលវេលាដល់កសិករដែលបានចងក្រងក្រុម ជាពិសេសឆ្នាំ២០១៨ នាំឱ្យកសិករចូលរួមជាមួយគម្រោងបានតិចតួច។
«ការបែងចែកតាមរូបមន្តអ្នកសម្របសម្រួលប្រមូលផ្តុំកសិករ អាជីករ (SM) ម្នាក់ទទួលចុះឈ្មោះកសិករ ចំនួន ៦៨២គ្រួសារ ទាំងការចុះឈ្មោះ Farmer’s Diary និងស្របតាមដំណើរការនៃខ្សែសង្វាក់តម្លៃ។ អាចនិយាយថា ការសម្របសម្រួល ឬការគាំទ្រដល់កសិករពីចំណុច “ក” រហូតដល់ “អ” (ចាប់តាំងពីការធ្វើផែនទីរហ័សរហូតដល់គាំទ្រឱ្យមានមូលនិធិនវានុវត្តន៍នៃខ្សែសង្វាក់តម្លៃ(VCIF) ជាដើម។)។ ចំណុចសំខាន់មួយទៀតដែលត្រូវយកចិត្តទុកដាក់ គឺការបែងចែកតួនាទី ការទទួលខុសត្រូវរបស់អ្នកសម្របសម្រួលប្រមូលផ្តុំកសិករ អាជីករ ដើម្បីឆ្លើយតបនឹងរគោលដៅអ្នកទទួលផលគម្រោងចំនួន ៧៥ ០០០គ្រួសារ ដែលត្រូវកត់ត្រានៅក្នុងប្រព័ន្ធMIS។» លោកនាយករងគម្រោងបានគូសបញ្ជាក់។
ជាចុងបញ្ចាប់ លោក សំរឹទ្ធ សាកុរា បានលើកទឹកចិត្តដល់អ្នកសម្របសម្រួលប្រមូលផ្តុំកសិករ អាជីករ (SM) និងក្រុមការងារវិនិយោគខ្សែសង្វាក់តម្លៃ (VCI) បន្តបេសកកម្មរបស់ខ្លួនដើម្បីសម្រេចឱ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល។


