(ស្ទឹងត្រែង)៖ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍)នៃមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែងដឹកនាំដោយ លោក ខាន់ លឹមម៉េង បានចុះរៀបចំវេទិកាពហុភាគីពាក់ព័ន្ឋលើខ្សែច្រវាក់តម្លៃមាន់ស្រែ និងចុះកិច្ចសន្យាទិញ-លក់ នៅភូមិកាំងដែក ឃុំកោះស្រឡាយ ស្រុកសៀមបូក ស្ទឹងត្រែង ដែលមានអ្នកចូលរួមជាច្រើនរូប ។
លោក ខៀវ ពិសិដ្ឋ តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មប្រចាំខេត្តស្ទឹងត្រែង បានពន្យល់ និងបកស្រាយជូនអ្នកចូលរួមស្តីពីសេវាកម្មឥណទាន គោលការណ៍ និងលក្ខខណ្ឌឥណទានដែលត្រូវផ្តល់ជូនសមាជិកក្រុមផលិតនីមួយៗ រយៈពេលកម្ចី អត្រាការប្រាក់ទ្រព្យដាក់ធានាបំណុល និងលក្ខខណ្ណក្នុងការផ្តល់ប្រាក់កម្ចី។
លោក ជួន ទូច អ្នកប្រមូលទិញលក់មាន់ស្រែបានចូលរួមបង្ហាញពីតម្រូវរបស់គាត់ ដែលក្នុងមួយថ្ងៃចន្លោះពី១០០ ទៅ ១៥០ក្បាល ហើយតម្លៃចន្លោះពី ១៧ ០០០រៀល ទៅ ២០ ០០០រៀលក្នុងមួយគីឡូក្រាម ។ចំណែកគុណភាពរបស់មាន់សាច់ត្រូវកំណត់ និងវិនិច្ឆ័យតាមរយៈការពិនិត្យជាក់ស្តែងតាមល័ក្ខខ័ណ្ឌដែលមានដូចជា មាន់ខ្មែរជាពូជមាន់ក្នុងស្រុក ដុះរោមជិតខ្លួន ធាត់ល្អ សាច់ និងជើងពណ៍លឿង ឬខ្មៅ។ មាន់ឈ្មោលទម្ងន់ចាប់ពី ១ ដល់ ២.៥គីឡូក្រាម និងមាន់មេទម្ងន់ចាប់ពី ១ ដល់ ១.៥គីឡូក្រាម។
នៅក្នុងវេទិកាពុហុភាគីពាក់ព័ន្ធ ក្រុមការងារគម្រោងអេមស៍ បានសម្របសម្រួលបានសម្របសម្រួលកិច្ចសន្យាទិញ-លក់ បានចំនួន ០៣កិច្ចសន្យា មានដូចខាងក្រោម៖
១. កិច្ចសន្យាទិញ-លក់មាន់សាច់ ដែលមានទំហំផ្គត់ផ្គង់ចំនួន ១ ៥០០ ក្បាល ស្មើនឹង ១ ៩៥០គីឡូក្រាម តម្លៃចន្លោះពី ១៧ ០០០រៀលទៅ ២០ ០០០រៀល/គីឡូក្រាម ។
២. កិច្ចសន្យាទិញ-លក់ចំណីមាន់សម្រេចដែលមានទំហំផ្គត់ផ្គង់ចំនួន ៦០បេឬការ៉ុង ស្មើនឹង ១៨០០គីឡូក្រាម តម្លៃចន្លោះពី ៦២ ០០០ ទៅ ៧៤ ០០០រៀលក្នុង/បេឬការ៉ុង ។
៣. កិច្ចសន្យាទិញ-លក់កូនមាន់ស្រែដែលមានទំហំផ្គត់ផ្គង់ចំនួន ១ ០០០ក្បាល តម្លៃចន្លោះពី ៤ ០០០ ទៅ ៥ ៥០០រៀល/ក្បាល ។
កិច្ចសន្យាទិញ-លក់ខាងលើ មានសុពលភាពចាប់ពីខែមិថុនា ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២១។


