គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។
គម្រោងនេះមានបំណងជំរុញកំណើនប្រកបដោយបរិយាប័ន្នលើទីផ្សារ និងសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមផលិតផលតាមមូលដ្ឋាន ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូចក្រីក្រអាចទទួលបានផលប្រយោជន៍រួមគ្នា។
គម្រោងមានរយៈពេលប្រាំមួយឆ្នាំ និងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយរំពឹងថានឹងបញ្ចប់គម្រោងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
គម្រោងត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយក្រសួងពាណិជ្ជកម្មនិងសហការ អនុវត្តពីដៃគូផ្សេងទៀត ហើយរំពឹងថានឹងមានមូលនិធិបញ្ចូលគ្នាសរុបពីរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មប្រមាណ ៤៥ លានដុល្លារសហរដ្ឋអាមេរិក (កម្ចីពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មចំនួន ៣៦,៣ លានដុល្លារអាមេរិក)។
គម្រោងអាចប្រតិបត្តិការនៅគ្រប់ផ្នែកទាំងអស់នៃប្រទេសដែលទីតាំងពិតប្រាកដត្រូវបានកំណត់ ដោយការជ្រើសរើសខ្សែសង្វាក់តម្លៃអាទិភាព និងតំបន់ដែលពាក់ព័ន្ធជាមួយខ្សែសង្វាក់តម្លៃដែលចេញពីផលិតកម្មរហូតទៅទីផ្សារ។
អ្នកទទួលផលផ្ទាល់ដែលជាគោលដៅរបស់គម្រោង រួមមានគ្រួសារកសិករប្រកបកសិកម្មខ្នាតតូច រួមទាំងកសិករក្រីក្រ និងធ្លាក់ក្នុងស្ថានភាពជិតក្រីក្រ។ លើសពីនេះទៀត ក្រុមគោលដៅផ្សេងទៀតនៅក្នុងខ្សែសង្វាក់តម្លៃរួមមាន៖ សហគមន៍កសិកម្មដែលជាសមាគមកសិករ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សហគ្រាសកសិពាណិជ្ជកម្ម សហគ្រាសសេវាកម្ម និង សមាគមឧស្សាហកម្ម។
គម្រោងនឹងចាប់ផ្តើមដំបូងនៃខ្សែសង្វាក់តម្លៃដូចជា៖ ១) បន្លែ ២) មាន់ស្រែ ៣) ស្រូវដែលមានគុណភាពខ្ពស់ ៤) ដំឡូងមី និង ៥) សូត្រឆៅ។ ខ្សែសង្វាក់តម្លៃថ្មីនឹងត្រូវពិចារណានៅឆ្នាំទី២ ប្រសិនបើរកឃើញថាមានផលិតកម្ម និងតម្រូវការទីផ្សារគ្រប់គ្រាន់។