(ភ្នំពេញ)៖ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពី ការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម រវាងគម្រោងជំរុញ ទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ឯ.ក (ផ្សារ makro) នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នាទីស្ដីការក្រសួងពាណិជ្ជកម្ម។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ និងឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ ឯកឧត្តមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម លោក យុទ្ធភូមិ ចារើនស៊ុក នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ឯ.ក លោក សំរិទ្ធ សាកុរា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងក្រុមការងារមកពីភាគីទាំងពីរជាច្រើនរូប។
ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្តម កឹម ស៊ីថន បានជម្រាបជូនថា ស្ថានភាពវិវត្តថ្មីៗនាពេលបច្ចុប្បន្ននេះដោយសារតែជំងឺកូវីដ-១៩ បានទាញសេដ្ឋកិច្ចពិភពលោកទាំងមូល និងសង្គមឱ្យមានភាពច្របូកច្របល់ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងសកល។ ក្នុងគោលដៅប្រយុទ្ធទប់ស្កាត់ការរីករាលដាល និងស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលនៃប្រទេសដែលរងផលប៉ះពាល់បានដាក់ចេញនូវវិធានការណ៍យុទ្ធសាស្រ្ត ដើម្បីឆ្លើយតបក្នុងកំឡុងពេលរីករាលដាល និងក្រោយពេលស្រាកស្រាន្តនៃជំងឺនេះជារួម។ ដោយឡែកចំពោះប្រទេសកម្ពុជាក៏បានចាត់វិធានការណ៍ចាំបាច់យ៉ាងច្រើន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះទៀត យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវឱ្យប្រជាកសិករត្រូវខិតខំធ្វើការដាំដុះ និងជំរុញផលិតកម្មកសិកម្ម រួមមានការចិញ្ចឹមសត្វ ផលិតកម្មស្រូវ និងការដាំដំណាំផ្សេងៗ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ព្រមទាំងបង្កើតទីផ្សារថ្មីៗជូនដល់ប្រជាកសិករ ដែលជាកាលានុវត្តភាពដ៏មានសក្តានុពលសម្រាប់វិស័យកសិកម្ម-ផលិតកម្ម។
គួរបញ្ជាក់ថា មួយរយៈពេលបីខែនេះ ក្រុមការងារគម្រោងអេមស៍នៅការិយាល័យមណ្ឌលភូមិភាគពាយព្យ ជាពិសេសក្រុមការងារគម្រោងខេត្តសៀមរាប បានសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តការរវាងក្រុមកសិករដាំបន្លែសុវត្ថិភាព និងចិញ្ចឹមមាន់ស្រែជាមួយនឹងផ្សារម៉ាក្រូ ដែលទទួលបាននូវសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។ ផ្សារម៉ាក្រូខេត្តសៀមរាបបានទទួលទិញបន្លែសុវត្ថិភាពពីក្រុមកសិករផលិតរបស់គម្រោងអេមស៍ចំនួន ៤ ៣២០គីឡូក្រាម និងបានទិញមាន់ស្រែចំនួន ១៥៦គីឡូក្រាម។ ថ្មីៗនេះ ក្រុមការងារគម្រោងអេមស៍ និងក្រុមការងារផ្សារម៉ាក្រូនៅភ្នំពេញបានជួបធ្វើការជាមួយគ្នា និងផ្សារម៉ាក្រូបានទទួលទិញបន្លែពីក្រុមកសិករផលិតនៅការិយាល័យមណ្ឌលភូមិភាគបូព៌ា និងឦសាន ពិសេសក្រុមកសិករផលិតនៅខេត្តកំពង់ចាម។ ដោយមើលឃើញពីភាពសហប្រតិបត្តិការណ៍បានល្អ គម្រោងអេមស៍ និងផ្សារម៉ក្រូបានឯកភាពគ្នាចុះអនុស្សរណៈយោគយល់គ្នាស្តីពី ការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដែលមានគោលបំណង និងវិសាលភាពក្របខ័ណ្ឌសហការទូលំទូលាយ មានលក្ខណៈទូទៅ មិនមែនជាកាតព្វកិច្ចចុះកិច្ចសន្យាសម្រាប់ភាគីណាមួយនៅដំណាក់កាលនេះទេ។ គោលដៅសំខាន់ៗនៃអនុស្សរណៈយោគយល់គ្នានេះរួមមាន៖ បង្កើតកិច្ចសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ប្រទេសកម្ពុជាតាមរយៈគូភាគី។ កំណត់រកឱកាសសម្រាប់សកម្មភាពសហការគ្នា និងកម្មវិធីនានាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់គូភាគី។ បង្កើតឱកាសសហការដែលបានកំណត់ ស្របទៅតាមគោលដៅ អត្ថប្រយោជន៍ និងគំរូអាជីវកម្មសំខាន់ៗរបស់ភាគីនីមួយៗ។ ធ្វើជាដៃគូយុទ្ធសាស្រ្តសម្រាប់ដោះស្រាយបញ្ហាប្រឈម និងនិរន្តភាពនៅក្នុងបរិបទនៃផលិតកម្មកសិ-ពាណិជ្ជកម្ម ផលិតផលកែច្នៃក្នុងស្រុក ផលិតផលរបស់ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងបញ្ហាទីផ្សារ។
ឯកឧត្តម កឹម ស៊ីថន បានគូសបញ្ជាក់ថា ការអនុវត្តយន្តការសហប្រតិបត្តការប្រកបដោយឆន្ទៈទទួលខុសត្រូវខ្ពស់នឹងលើកទឹកចិត្តបងប្អូនប្រជាកសិករផលិត បង្កើនផលិតភាពផលិតផលកសិពាណិជ្ជកម្មបន្លែសុវត្ថិភាព និងមាន់ស្រែក្នុងបរិមាណកាន់តែច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារបោះដុំ និងលក់រាយដ៏ទំនើប និងសំបូរបែបមួយនេះ។ ការងារនេះ គឺគ្រាន់តែជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តការដ៏មានសំខាន់មួយរវាងភាគីទាំងពីរ នៅជំហ៊ានជាយុទ្ធសាស្រ្តបន្ទាប់ទៀត ភាគីទាំងពីរត្រូវពង្រីកកិច្ចសហប្រតិបត្តការលើផលិតផលកសិ-ពាណិជ្ជកម្មសក្តានុពលអង្ករ ក៏ដូចជាផលិតផល ដែលគម្រោងនឹងពង្រីកវិសាលភាពអនុវត្ត និងផលិតផលសម្រេចរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាផ្សេងៗទៀត ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាពិសេសរួមចំណែកដល់ការលើកស្ទួយយុទ្ធនាការប្រើប្រាស់ផលិតផលក្នុងស្រុកស្របតាមគោលនយោបាយជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

